អានតួអត្ថបទ

ស្រ្តីវៀតណាមម្នាក់ប្តឹងក្រុមហ៊ុន​ផលិតថ្នាំគីមីអាមេរិក ទៅតុលាការឧទ្ធរណ៍បារាំង

នៅទីក្រុង​ប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការ​នៅថ្ងៃ​អង្គារ​ទី ៧​ឧសភា​ ដើម្បីស្តាប់ពាក្យបណ្តឹង​របស់​ស្រ្តីវៀតណាមម្នាក់ ដែលរងគ្រោះដោយសារសារធាតុគីមី ដែលយន្តហោះរបស់កងទ័ព​អាមេរិក​ហោះបាចសាច​នៅក្នុង​សម័យ​សង្រ្គាមវៀតណាម។ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ដូចជា​ជំងឺមហារីក និង​មានកូនចៅ​កើតជំងឺគ្រប់គ្នា ដោយសារ​ត្រូវ​ទឹកថ្នាំគីមី​ស្រោចពីលើអាកាស កាលពីឆ្នាំ​១៩៦៧ លោកស្រី Tran To Ngaតស៊ូដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​អាមេរិក ចំនួន​១៤ ទៅតុលាការ​បារាំង ក្នុងបទចោទប្រកាន់ថា ថ្នាំគីមីរបស់ពួកគេ​បានប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខភាពប្រជាជន​វៀតណាម ពី ២ទៅ ៤លាននាក់។

ពីឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហាន​អាមេរិក​បាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់​ពណ៌​របស់​ធុងថ្នាំគីមី ប្រមាណ​៨០លានលីត្រ​ទៅលើដីភូមិ ព្រៃ ជាង​៤សែនហិចតា នៅភាគខាងត្បូងវៀតណាម
ពីឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហាន​អាមេរិក​បាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់​ពណ៌​របស់​ធុងថ្នាំគីមី ប្រមាណ​៨០លានលីត្រ​ទៅលើដីភូមិ ព្រៃ ជាង​៤សែនហិចតា នៅភាគខាងត្បូងវៀតណាម © The LIFE Images Collection via G - Dick Swanson
ផ្សាយពាណិជ្ជកម្ម

ស្រ្តីជនជាតិវៀតណាម​បារាំង Tran To Nga ​​​តស៊ូ មិនចុះចាញ់ នៅចំពោះមុខ​ក្រុមហ៊ុន​អាមេរិកជាង​១០ ដែល​លោកស្រី​ចោទប្រកាន់​ថា បានផលិត ផ្តល់​ថ្នាំគីមី ពណ៌លឿងទុំ​ ​ទៅឲ្យទាហានអាមេរិក ​យកទៅ​ទម្លាក់ បាចសាចនៅភាគខាងត្បូងវៀតណាម ​នៅក្នុង​សម័យ​សង្រ្គាម។

នៅ​ថ្ងៃ​អង្គារ​ទី ៧​ឧសភា​ ពាក្យបណ្តឹង​របស់​លោកស្រី​ Tran To Ngaបាន​ឡើង​ដល់​តុលាការ​ឧទ្ធរណ៍​បារាំង បន្ទាប់ពីតុលាការ​ជាន់ទាប (តុលាការ​នៅ​Evry) បាន​សម្រេច​ កាលពីឆ្នាំ​២០២១​ថា តុលាការ​បារាំង​គ្មាន​សមត្ថភាព​ បើកការជំនុំជម្រះរឿងក្តីដែលមានក្រុមហ៊ុន​អាមេរិកជា​ចុងបណ្តឹង។ នៅក្នុងការសម្រេច​របស់ខ្លួនកាលណោះ ​តុលាការ​ជាន់ទាបបារាំង​​បាន​លើកឡើង​ពីអភ័យឯកសិទ្ធិដែលភាសាបារាំងហៅថា​ immunité de juridiction នៅបន្ទាប់ពី​ក្រុមហ៊ុន​អាមេរិកអះអាងថា ​គេ​ផលិតថ្នាំគីមី ទៅ​តាម​ការបញ្ជាទិញ​របស់​រដ្ឋាភិបាល​អាមេរិក។ អភ័យ​ឯកសិទ្ធិ immunité de juridiction ការពារប្រទេស​មួយឲ្យរួចផុត​ពីការជំនុំជម្រះ​របស់តុលាការ​ប្រទេស​មួយទៀត។

នៅ​ឆ្នាំ ២០០៥ សមាគមជនរងគ្រោះ​វៀតណាមនៅអាមេរិក​ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុនផលិតថ្នាំគីមីកម្ចាត់ស្មៅ ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្ម​សង្រ្គាម។ ប៉ុន្តែ តុលាការ​អាមេរិក​មិនទទួលយកពាក្យបណ្តឹង​ក្នុង​ហេតុផលថា សារធាតុគីមី ពណ៌លឿងទុំជា​ថ្នាំគីមី កម្ចាត់ស្មៅ ប៉ុន្តែ មិនមែនជាអាវុធគីមី។

នៅក្នុង​សវនាការ​កាលពីថ្ងៃអង្គារ មេធាវីតំណាងក្រុមហ៊ុន​អាមេរិក​Bayer Monanto បាន​ឡើងការពារសាជាថ្មីថា កិច្ចសន្យា​ជាមួយរដ្ឋាភិបាលអាមេរិក​កាលណោះ​​បាន​ចងជាប់ដៃជើង​របស់​ក្រុមហ៊ុន។ ប៉ុន្តែ មេធាវី​របស់​លោកស្រី​Tran To Nga ដែលជាជនរងគ្រោះ​​​មិន​យល់​ដូច្នោះទេ ព្រោះថា​ ក្រុមហ៊ុន​ទម្លាក់កំហុស​ទៅលើ​ទាហានអាមេរិក ដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។

យោងតាម​សមាគមជនរងគ្រោះវៀតណាម ​ ក្នុងរយៈពេល​១០ឆ្នាំ ពីឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហាន​អាមេរិក​បាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់​ពណ៌​របស់​ធុងថ្នាំគីមី ប្រមាណ​៨០លានលីត្រ​ទៅលើដីភូមិ ព្រៃ ជាង​៤សែនហិចតា នៅភាគខាងត្បូងវៀតណាម។ ជាលទ្ធផល ប្រជាជន​វៀតណាម​ពី ២ទៅ ៤លាននាក់​រងផលប៉ះពាល់សុខភាព​ធ្ងន់ធ្ងរ ដោយសារ​ សារធាតុគីមីដែលគេប្រើជាទូទៅសម្រាប់​កម្ចាត់ស្មៅ។

នៅក្នុងករណី​របស់​លោកស្រីTran To Nga លោកស្រីត្រូវស្រោចទទឹកជោគដោយសារធាតុគីមី ធ្លាក់ពីលើមេឃ នៅពេល​លោកស្រី​ មានអាយុ​២៤​ឆ្នាំ។ ដោយសារ​តែ​ថ្នាំគីមីរបស់អាមេរិក លោកស្រី​កើតមានជំងឺប្រចាំកាយ ដូចជា​របេង មហារីក ចំណែកកូនស្រីរបស់លោកស្រី​ម្នាក់​ស្លាប់នៅអាយុ​១ខួបកន្លះ ដោយសារ​បេះដូងលូតលាស់មិនប្រក្រតី។ កូនស្រីពីរនាក់ទៀត និង​ចៅៗ​របស់លោកស្រីសព្វថ្ងៃ​​មានជំងឺប្រចាំកាយឈឺធ្ងន់ធ្ងរ។

បន្ទាប់ពីតស៊ូប្តឹង ក្រុមហ៊ុន​អាមេរិកតាំងពី​ឆ្នាំ ២០០៥មក លោកស្រី​Tran To Nga ក្នុងវ័យ ៨២ឆ្នាំ មិនសូវរំពឹងខ្លាំងថា នឹងអាច​យកឈ្នះលើ​ក្រុមហ៊ុនអាមេរិកតាមផ្លូវតុលាការ។ ប៉ុន្តែ ទោះជា​ពងមាន់ត្រូវនឹងជល់ថ្ម លោកស្រី​Tran To Nga នៅតែមិនចុះចាញ់។ ដោយដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក លោកស្រី​ចង់បាន​សំណងជំងឺចិត្ត​និង​ទាញសញ្ញាអាសន្ន​ពីគ្រោះថ្នាក់នៃថ្នាំពុលគីមី ដែលមិនត្រឹមសម្លាប់សត្វ កម្ចាត់ស្មៅ ប៉ុន្តែ វា​បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់​សុខភាពរបស់មនុស្ស។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ