អានតួអត្ថបទ
អ៊ីរ៉ង-នយោបាយ

គណបក្សអភិរក្សនិយមអ៊ីរ៉ង់នាំមុខបក្សរបស់លោកប្រធានាធិបតីរ៉ូហានីក្នុងការបោះឆ្នោតសភា

គណបក្សអភិរក្សនិយមអ៊ីរ៉ង់ បានឈ្នះនាំមុខគេ ពោលគឺថែមទាំងឈ្នះគណបក្សកំណែទម្រង់និយមរបស់លោកប្រធានាធិបតីហាសាន រ៉ូហានីទៀតផង។ នេះ បើយោងទៅតាមលទ្ធលលបឋមនៃការបោះឆ្នោតសភា ចេញដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃសៅរ៍ទី ២២ កុម្ភៈនេះ។ តើហេតុអ្វីបានជាបក្សអភិរក្សនិយមទទួលបានជ័យជម្នះគួរឲ្យកត់សម្គាល់បែបនេះ?

ស្ត្រីម្នាក់ក្នុងអំឡុងពេលបោះឆ្នោតសភានៅឯការិយាល័យបោះឆ្នោតមួយក្នុងក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ នាថ្ងៃសុក្រទី ២១ ខែកុម្ភៈឆ្នាំ ២០២០។
ស្ត្រីម្នាក់ក្នុងអំឡុងពេលបោះឆ្នោតសភានៅឯការិយាល័យបោះឆ្នោតមួយក្នុងក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ នាថ្ងៃសុក្រទី ២១ ខែកុម្ភៈឆ្នាំ ២០២០។ Nazanin Tabatabaee/WANA (West Asia News Agency) via REUTERS
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតសភាអ៊ីរ៉ង់ បានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រម្សិលមិញ ក្នុងវេលាដែលភាពតានតឹងរវាងអ៊ីរ៉ង់ ហើយនិងគូបដិបក្ខជាប្រវិត្តសាស្ត្រគឺអាមេរិកនៅតែបន្តមាន។

ដោយឡែក មិនខុសពីការរំពឹងទុកឡើយ នៅទីបំផុតទៅ គណបក្សអភិរក្សនិយម បានដណ្តើមយកជ័យជំនះ នៅក្នុងការបោះឆ្នោតសភាអ៊ីរ៉ង់នាអាណត្តិនេះ ស្របពេលដែល អ្នកទៅបោះឆ្នោត មានចំនួនទាបជាងអាណត្តិមុនៗ។

បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ការដែលប្រជាពលរដ្ឋអ៊ីរ៉ង់មួយចំនួនមិនព្រមចេញទៅបោះឆ្នោត បើទោះបីមានការអំពាវនាវពីប្រមុខសាសនាលោក​ខាមេណីក្តី ​ក៏ព្រោះតែពួកគេមិនពេញចិត្តនឹងរដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតីហាសាន រ៉ូហានី។ ពួកគេមិនសប្បាយចិត្ត ដែលរដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសដែលកំពុងបន្តរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក។

យោងតាមតួលេខ ចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតត្រឹមពាក់កណ្តាលព្រឹកថ្ងៃសៅរ៍នេះ សន្លឹកឆ្នោតជាង​ ១លាន ៦៣ម៉ឺនសន្លឹក ត្រូវបានរាប់នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៤១ នៅទូទាំងប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអ៊ីរ៉ង់លោកអេសម៉េល ម៉ូសាវី បានឲ្យដឹងថា នៅមានមណ្ឌលបោះឆ្នោតចំនួន ១៦៧ ផ្សេងទៀត ក្នុងខេត្តមួយចំនួន មិនទាន់ត្រូបានរាប់នៅឡើយនោះទេ។ តែទោះជាយ៉ាងណាក្តី លោកថា គណៈកម្មាធិការជាតិ នឹងព្យាយាមប្រកាសពីលទ្ធផលផ្លូវការនៅយប់ថ្ងៃសៅរ៍នេះ។

តែទោះបីជា លទ្ធផលផ្លូវការនៃការបោះឆ្នោតសភាអ៊ីរ៉ង់ នៅមិនទាន់ចេញផ្សាយយ៉ាងណាក្តី ទីភ្នាក់ងារសារព័ត៌មានដែលស្និទ្ធនឹងអ្នកអភិរក្សនិយមបានព្យាករណ៍ បក្សនេះនឹងទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីជាមិនខាន។

ជាក់ស្តែង ភ្នាក់ងារសារព័ត៌មានហ្វាស (Fars) បានចុះផ្សាយដោយទស្សន៍ទាយថា ក្នុងចំណោមអាសនៈសរុបរបស់សភាអ៊ីរ៉ង់ចំនួន ២៩០ បក្សអភិរក្សនិយមនឹងអាចដណ្តើមយកចំនួន ១៣៥ អាសនៈឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ