អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​ប្រកាស​មិន​ចរចា​ជាមួយ​អឺរ៉ុប ដើម្បី​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​ EBA ខ្លះ​មក​វិញ​នោះ​ទេ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពិសេស​មួយ​នៅ​វិមាន​សន្តិ​ភាព មុន​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​ទី៣​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។ បញ្ហា​ពីរ​ដែល​លោក​ហ៊ុន សែន បាន​ផ្តោត​ជា​សំខាន់ គឺទី១ បញ្ហា​មេរោគ​ឆ្លង​កូរ៉ូណា និង ទី២ បញ្ហា​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ អនុ​គ្រោះ​ពន្ធ​EBA​។ ចំពោះ​បញ្ហា​EBA​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​បាន​ប្រកាស​គោល​ជំហរ​ច្បាស់ៗ​ថា កម្ពុជា​នឹង​មិន​ចរចា​ស្នើ​សុំការ​អនុ​គ្រោះ​ពន្ធ​ពី​អឺរ៉ុប​វិញ​នោះទេ​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ) @FB
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បានអះអា​ងថា ការសម្រេ​ចដកការអនុ​គ្រោះពន្ធ២០ភា​គរយពី​កម្ពុជា គឺជារឿងរប​ស់ស​ហភាពអឺរ៉ុប ហើ​យកម្ពុជានឹងមិ​នធ្វើការស្នើសុំ ឫសម្រ​បសម្រួ​លណាមួយ និយា​យឱ្យខ្លី គឺមិនធ្វើតាមកា​រចង់បា​នរបស់អឺរ៉ុប ដើម្បីទទួ​លបាន​ការអនុគ្រោះ​នេះមកវិ​ញនោះទេ។ លោ​កនាយករដ្ឋម​ន្រ្តីបានប្រ​កា​សដាច់​ណាត់ថា កម្ពុជាសុខ​ចិត្តបង់ពន្ធប្រមា​ណ១០០លាន​ដុល្លារអាមេរិកស​ម្រាប់នាំទំ​និញទៅកាន់ទី​ផ្សារអឺរ៉ុប តែ​កម្ពុជាមិនយ​កអធិតេយ្យ​ភាពរបស់ខ្លួ​នទៅដោះដូ​រជាដាច់ខាត។ បើទោះបី​ជាលើក​ឡើងបែបនេះ​ក្តី ក៏លោកនា​យករដ្ឋមន្រ្តីហ៊ុន សែន ទទួលស្គាល់ថា ការដ​កកា​រអនុគ្រោះពន្ធ​របស់ស​ហភាអឺរ៉ុ​បនេះ ក៏នឹងជះផលប៉ះ​ពាល់ខ្លះ​ដល់កម្ពុជា​ផងដែរ​។

សហភាពអឺ​រ៉ុបកាលពីថ្ងៃ​ទី១២ខែកុម្ភៈ​កន្លងទៅ បានចេ​ញសេចក្តីស​ម្រេចដក​ការ​អនុ​គ្រោះ​​ពន្ធ «ជាបណ្ដោះ​​អាសន្ន» ​ពី​កម្ពុជាលើមុខ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិ​តផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​ជាង១​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​​។ សេច​ក្តីស​ម្រេចនេះនឹ​ងចូលជាធរមាន និងចាប់អនុវត្ត​នៅថ្ងៃទី១២ ​ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ ការសម្រេ​ចរបស់សហ​ភាពអឺរ៉ុបនេះ គឺឈរលើហេតុផលកម្ពុជាបាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ។ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា កម្ពុជាអាចទទួលការអនុគ្រោះពន្ធមកវិញ គឺទាល់​តែ​ស្ថានភាព​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារនៅ​កម្ពុជា​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​ប្រសើរ​ឡើង​វិញ។

ប៉ុន្តែ លោកនា​យករដ្ឋម​ន្រ្តីហ៊ុន សែន បាន​ប្រកាសថា កម្ពុជាមិន​អាចធ្វើតាម​សហភាព​អឺរ៉ុបបានទេ។ លោកក៏គូសបញ្ជា​ក់ដែលទំន​ងសំដៅ​ទៅលើករ​ណីលោកកឹម សុខាថា លោ​កមិនដោះដូរ​ដោយ​ការដោះលែង ដើម្បីទទួលបានអនុ​គ្រោះពន្ធមក​វិញនោះឡើយ។ តាមលោកនាយ​ក​រដ្ឋមន្រ្តី អ្នកដែល​ប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលទោសតាមច្បាប់។ មិនតែប៉ុណ្ណោះ លោកប្រមុខ​រដ្ឋាភិបាលក៏បា​នថ្លែងឌឺដ​ងទៅកាន់ក្រុ​មអតីតអ្នកនយោបាយ​បក្សប្រឆាំងថា គណបក្ស​សង្រ្គោះជាតិដែ​លត្រូវបានរំ​លាយចោលទៅ​ហើយនោះ មិនអា​ចរស់ឡើងវិញ​បាននោះ​ទេ។ លោកស​ង្កត់ធ្ងន់ថា អ្វីៗមិ​នអាចដើរថយ​ក្រោយវិញ​បានឡើយ និងថា ច្បាប់ គឺច្បាប់ កាត់ទោ​សរួចហើយ គឺត្រូ​វយកទៅ​ដាក់ពន្ធ​នាគារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ