អានតួអត្ថបទ
កម្ពុជា

កា​រ​ចរ​ចា​​គណ​បក្ស​​ប្រ​ជា​​ជន​ និង​​បក្ស​​សង្គ្រោះ​​ជាតិ ​ចាប់​​ផ្តើម​​ថ្ងៃ​​ទី​​៣ ​មករា​

ទី​បំផុត​ទៅ​ក្រុម​កម្រិត​បច្ចេក​ទេស​ចរ​ចា​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​លេច​ជា​រូប​រាង​ម្តង​ទៀត​ហើយ។ ក្រុម​បច្ចេក​ទេស​ដែល​មាន​ភាគី​ម្ខាង​បី​នេះ នឹង​ជួប​ចរ​ចា​ជា​មួយ​គ្នា​នៅ​ថ្ងៃ​ទី​៣ នៅ​ឯ​វិមាន​ព្រឹទ្ធ​សភា។ ប៉ុន្តែ បក្ស​ទាំង​ពីរ​នៅ​តែ​មាន​គោល​ជំហរ​មិន​ទាន់​ស្រប​គ្នា​ទាំង​ស្រុង​នៅឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​បញ្ហា​សង្គម បាន​អះ​អាង​ថា ជំនួប​នៃ​ការ​ចរ​ចា​នេះ គឺ​ជា​ការអប​អរ​សា​ទរ​បំផុត។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គណ​បក្ស​ដែល​កំពុង​មាន​ជម្លោះ​ទាំង​ពីរ​នៅ​កម្ពុជា បាន​សម្រេច​ឱ្យមាន​ក្រុម​ចរចា​បច្ចេក​ទេស​សារ​ជា​ថ្មី​ម្តង​ទៀត​ហើយ បន្ទាប់​ពី​ការ​បរាជ័យ​ជា​ច្រើន​លើក។ ក្រុម​បច្ចេក​ទេស​នេះ នឹងមាន​សមាស​ភាព​ម្ខាង​បីនាក់ ហើយ​នឹង​ជួប​គ្នា​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤​នៅ​វិមាន​ព្រឹទ្ធ​សភា។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​គណ​បក្ស​ទាំង​ពីរ គឺ លោក ព្រុំ​សុខា និង លោក យឹម សុវណ្ណ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ។

 
ជំនួប​សារជាថ្មី​នេះ គឺជា​ជំនួប​បង្ហាញ​ពី​របៀបវារៈ បើកផ្លូវ​មុន​កិច្ចចរចា​ថ្នាក់​កំពូល​រវាង​មេដឹក​នាំ​គណបក្សនយោបាយ​ទាំងពីរ។ ពោលគឺ​ការចរចា​រវាង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី។ លោក ព្រុំ សុខា ដែលជា​ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា គណបក្សកាន់អំណាច​បា​ន​កំណត់​គោលជំហរ​មួយ​គឺ​កំណែទម្រង់​នៃ​ប្រព័ន្ធ​បោះឆ្នោត។

លោក អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជំ​នៈ​រាល់​ឧបសគ្គ​ទាំងអស់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ន ដោយ​ឈរលើ​គោលការណ៍​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ មាន​របៀបវារៈ​ចំនួន​ពីរ គឺ​កំ​ណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង ការបោះឆ្នោត​ឡើងវិញ។ នេះ​បើតាម​លោក យឹម សុវណ្ណ។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា របៀបវារៈ​របស់​គណ​បក្សប្រឆាំង​គឺជា​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត​ដែល​បាន​ចូលរួម​បាតុកម្ម​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​កន្លងមក។

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បញ្ជូន​សមាស​ក្រុម​ចរចារ​ចំនួន​បី​រូប​គឺ លោក ព្រុំ សុខា រដ្ឋ​លេ​ខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ ស៊ីថា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌។ដោយឡែក​ភាគី ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​បី​រូប​ដែរ គឺ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប៉ុល ហំ​ម ប្រធាន គណៈកម្មាធិការ​នាយក និង​លោក​គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល។

ជំនួប​ចរចា​សាជាថ្មី​នេះ គឺ​កើតឡើង​នៅ​ចំពេល​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​មហា​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​របស់​គណបក្ស​ប្រឆាំង ដែល​ធ្វើពហិកា​មិន​ព្រម​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា និង​ទាត់​ចោល​លទ្ធផល​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥កន្លងទៅនេះ។

អ្នកវិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​សម្តែង​ការអបអរ​ចំពោះ​ការព្រមព្រៀង​ឱ្យមាន​ការ​ចរចា​សាជាថ្មី​នេះ។ យ៉ាងណាក៏ដោយ​អ្នកវិភាគ​សង្គម​រូបនេះ បាន​ស្នើឱ្យ​គណបក្ស​ទាំងពីរ​កុំ​ប្រកាន់​របៀបវារៈ​រឹងត្អឹង​ដាក់គ្នា ដោយ​គិត​ប្រយោជន៍​ជាតិ​ជាធំ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ