អានតួអត្ថបទ
កម្ពុជា

បាតុកម្ម​​សន្តិវិធី​របស់​កម្មករ​ទាមទារ​ប្រាក់ឈ្នួល​ ១៦០ដុល្លារ​ ប្រែក្លាយ​ជា​ភ្លើងកំហឹង​

ដោយ​ពិបាក​នឹង​បញ្ចៀស​រួច ការប្រឈមមុខ​ដាក់គ្នា​រវាង​បាតុកម្មអហិង្សា​របស់​កម្មករ និង​សហជីព​ដែល​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ដុល្លារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ថ្ងៃទី២ មករា​នេះ បាន​ឈានដល់​ការប៉ះទង្គិច​ជាមួយនឹង​សមត្ថកិច្ច។ ជា​លទ្ធផល គូរ​បដិបក្ខ​ទាំងសង្ខាង សុទ្ធតែ​រងរបួស តែ​យ៉ាងហោចណាស់​ភាគី​កម្មករ​ត្រូវបាន​ចាប់ខ្លួន បូក​រួមទាំង​ព្រះសង្ឃ និង​តំណាង​សង្គម​ស៊ីវិល​មួយចំនួន​ផងដែរ។ អង្គការសិទ្ធិមនុស្ស​ក​ម្ពុ​ជា និង​សហជីព បាន​ចាត់ទុកថា នេះ​ជា​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​អំពាវនាវ​ដោយឡែក​ពីគ្នា ដើម្បីអោយ​មានការ​ដោះលែង​បាតុករ និង​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល​ជាបន្ទាន់។

ក្រុម​បាតុករ​ រងការ​បង្ក្រាប​​របស់​សមត្ថកិច្ច​ នៅ​ថ្ងៃទី ០២មករា ២០១៤ ក្នុងទីក្រុង​ភ្នំពេញ
ក្រុម​បាតុករ​ រងការ​បង្ក្រាប​​របស់​សមត្ថកិច្ច​ នៅ​ថ្ងៃទី ០២មករា ២០១៤ ក្នុងទីក្រុង​ភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​បាតុកម្ម​ដោយ​សន្តិវិធី​របស់​កម្ម​ករ និង​សហជីព​ដែល​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ដុល្លារ ជាច្រើន​កន្លែង នៅ​ជាយក្រុង​ភ្នំពេញ បាតុករ​មួយក្រុម​នៅ​ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​ប៉ះទង្គិច​នឹង​ការប្រើ​កម្លាំង​ជាមួយ​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃទី២ មករា​នេះ។

ទោះបីជា​គូភាគី​នៃ​ជម្លោះ​ទាំង​សមត្ថកិច្ច និង​កម្មករ​សុទ្ធតែ​រងរបួស តែ​នៅ​នាទីចុងក្រោយ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​តំណាង​សង្គម​ស៊ីវិល ព្រះសង្ឃ បាតុករ និង​តំណាង​សហជីព យ៉ាងហោចណាស់ ១០នាក់។ ការបង្ក្រាប របស់​យោធា​អង្គភាព​ឆត្រយោង ៩១១ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រដាប់​ដោយ​ខែល និង​ដំបង ទៅលើ​បាតុករ ដែល​ប្រើ​ត្រឹម​ដប​ទឹក​សុទ្ធ និង​ដុំថ្ម​ជា​អាវុធ ត្រូវបាន​អង្គការសិទ្ធិមនុស្ស និង​សហជីព​ចាត់ទុកថា ជាការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​មួយ។ ប៉ុន្តែ សមត្ថកិច្ច​អះអាងថា ការឃាត់ខ្លួន​សកម្មជន តំណាង​សង្គម​ស៊ីវិល ព្រះសង្ឃ បាតុករ និង​តំណាង​សហជីព នៅថ្ងៃនេះ ព្រោះ​សំអាង​លើ​បទល្មើស​ជាក់ស្តែង ទើប​ឈានដល់​ការចាប់ខ្លួន។

សូមបញ្ជាក់ថា ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ ស្រុក​កាំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ យ៉ាងហោចណាស់ លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេ​ង សាវឿន អ្នកសំរបសំរួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ពុទ្ធិ​ស័​ក្កិ សហគមន៍​បឹងកក់ ព្រះសង្ឃ ៥ព្រះអង្គ កម្មករ និង​សហជីព​មួយចំនួនទៀត នេះ​បើតាម ព័ត៌មាន​​ពី​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា។

នៅ​ល្ងាច​ថ្ងៃ​ដដែល មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង រួមជាមួយ​សកម្មជន​ដីធ្លី ក៏បាន​នាំគ្នា​បិទ​កំណាត់​​ផ្លូវជាតិ​លេខ៤ត្រង់ចំណុច​កើតហេតុ ​នៅ​ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ស្រុក​កាំ​បូល ដើម្បី​តវ៉ា​ឱ្យមាន​ការដោះលែង​លោក វ៉ន ពៅ និង​បាតុករ​ដទៃទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ