អានតួអត្ថបទ

ហុងកុង៖ ក្រុមគ្រួសារ​អ្ន​កនយោបាយប្រឆាំង ​ត្រូវ​នគរបាល​នាំខ្លួន​ទៅសាកសួរ​នៅប៉ុស្តិ៍​នគរបាល

ថ្ងៃព្រហស្បតិ៍​ ទី​២០កក្កដា នគរបាល​សន្តិសុខ​ហុងកុង ​ បា​ននាំខ្លួន​​មនុស្ស ​​៤ នាក់ ដែលជា​​សាច់សារខ្សែ​លោហិត​នឹងអ្នក​នយោបាយ​​ប្រឆាំង​ យក​ទៅ​សាកសួរ​ចម្លើយ​នៅ​ស្នងការនគរបាល​។ ប្រភព​ពី​​ប៉ូលិស​ហុងកុង គឺ​ពួក​គេ​ទាំង​ ៤ នាក់ ​ជាប់​ពាក់ព័ន្ធករណីឃុបឃិត​និង​​ជួយជ្រោម​ជ្រែង​ឲ្យ​«អ្ន​កទោស»​រត់​គេច​ខ្លួន​។ «អ្ន​កទោស»​ទីនេះ គ្មា​ននរណា​ផ្សេង ក្រៅពី​សកម្មជននិងអ្នក​នយោបាយ​ ៨ នាក់ ដែល​​ប្រឆាំងយ៉ាង​លេច​ធ្លោ​​នឹង​រដ្ឋអំណាច​ហុង​កុង​ និងដែល​បានទទួល​សិទ្ធិជ្រកកោន​នយោបាយ​​រស់​នៅ​ក្រៅប្រទេស​។​ 

ដើមខែកក្កដា រដ្ឋបាល​ហុង​កុង ​ប្រកាស​​ផ្តល់​រង្វាន់​លើកទឹកចិត្ត ចំនួន ១ លាន​ដុល្លារ​ហុងកុង ចំពោះ​បុគ្គល​ណា​ដែល​ផ្តល់​ព័ត៌មាន​ឈានទៅ​ចាប់ខ្លួន​ ​«អ្នកទោស»ទាំង ៨ នាក់។ 
ដើមខែកក្កដា រដ្ឋបាល​ហុង​កុង ​ប្រកាស​​ផ្តល់​រង្វាន់​លើកទឹកចិត្ត ចំនួន ១ លាន​ដុល្លារ​ហុងកុង ចំពោះ​បុគ្គល​ណា​ដែល​ផ្តល់​ព័ត៌មាន​ឈានទៅ​ចាប់ខ្លួន​ ​«អ្នកទោស»ទាំង ៨ នាក់។  REUTERS - JOYCE ZHOU
ផ្សាយពាណិជ្ជកម្ម

​ប្រភព​ពី​​ប៉ូលិស​ហុងកុង ​នគរបាល​បាន​នាំខ្លួន​ ប្រុស​២នាក់ ស្រី២នាក់ ទៅ​សាកសួរ​ចម្លើយ និង​ថា នីតិវិធី​​ស៊ើបសួរ​នៅតែបន្តមាន​ជាហូរហែ ហើយ​ការ​ចាប់​​ខ្លួន និងឃុំខ្លួន​ ក៏​មាន​ជាបន្តបន្ទាប់​ទៀត​​។

គួរ​ជ្រាបថា ក្នុង​ចំណោម​ពួក​គេ​ទាំង ៤ នាក់​​នោះ គឺ​បុរស​ម្នាក់ ជាបង​ប្រុស​ របស់​អ្នក​តំណាងរាស្ត្រ​ Dennis Kwokដែល​កំពុង​ភៀសខ្លួន​​ស្នាក់​នៅ​សហរដ្ឋអាមេរិក​។ អតីត​អ្នក​តំណាង​រូបនេះ ជា​អ្នក​នយោបាយ​ម្នាក់ ក្នុង​ចំណោម ៨ នាក់ ដែល​គាំទ្រចលនា​ប្រជាធិបតេយ្យ និងដែល​ត្រូវ​រដ្ឋអំណាច​ហុងកុង​ ដេញតាម​​ព្យាបាទ​ រហូត​ត្រូវ​បង្ខំ​ចិត្ត​រត់​គេចខ្លួន​ចោល​ស្រុក។ ចំណែក ៣ នាក់​ទៀត គឺ​ម្នាក់​ជា​ប្អូន ​ប្អូន​ថ្លៃ ​និង​ក្មួយ​ប្រុស​ របស់​អ្ន​កសហជីព​ដ៏​លេចធ្លោឈ្មោះ Mung Siu-tat ដែល​កំពុង​តែ​​រត់ភៀសខ្លួន​ដែរ​។​

ការ​ស៊ើបសួរ​​ពីសំណាក់​​នគរបាល​ហុង​កុង​លើក​នេះ គឺ​តែ​ ២ សប្តាហ៍​ក្រោយ ដែល​រដ្ឋបាល​ហុង​កុង បាន​ចេញ​សេចក្តីប្រកាស​​ផ្តល់​រង្វាន់​លើកទឹកចិត្ត ចំនួន ១ លាន​ដុល្លារ​ហុងកុង ចំពោះ​បុគ្គល​ណា​ដែល​ផ្តល់​ព័ត៌មាន​ឈានទៅ​ចាប់ខ្លួន​ ​អ្នក​នយោបាយនិង​សកម្មជន​ប្រឆាំង ទាំង ៨ នាក់។  បុគ្គល​ទាំង​ ៨ នាក់​នេះ សព្វថ្ងៃ កំពុងតែ​ជ្រក​កោន​«សិទ្ធិនយោបាយ»​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង អង់គ្លេស។​

ការប្រកាស​ដំណឹង អំពី​ការ​នាំខ្លួនក្រុ​មគ្រួសារ​សាច់​ញាតិ​អ្នក​នយោបាយ​ប្រឆាំង​រត់​គេច​ខ្លួន យកទៅ​​ស៊ើបសួរ​នៅគ្រានេះ​ ក៏​ធ្លាយ​ចេញ​​ បន្ទាប់ពី​ រដ្ឋបាល​ទីក្រុង​ប៉េកាំង បាន​ចាត់តាំងលោក Dong Jingwei ​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខជាតិចិន​​ ឲ្យ​មក​ត្រួត​ត្រា​សន្តិសុខ​នៅ​​រដ្ឋបាល​ហុង​កុង​។​ លោក Dong Jingwei ជាមន្ត្រី​ចារកិច្ច​ចិន​ និង​​ធ្លាប់​​​ជាអ្ន​កត្រួតមើលការ​ខុសត្រូវ​ខាង​សន្តិសុខ​ កាល​ពី​ព្រឹត្តិការណ៍​បាតុកម្ម​ហុង​កុង​ ឆ្នាំ២០១៩​។ ការ​ចាត់តាំង​រូប​លោក​ ឲ្យ​មក​ត្រួតការ​សន្តិសុខ​ហុង​កុង​ កាល​ពីថ្ងៃ​អង្គារ គឺ​ស្តែង​ឲ្យ​កាន់តែ​ស៊ីជម្រៅ អំពី​ការ​រឹង​បន្តឹងរបស់​អំណាច​មជ្ឈិម​ចិ​នប៉េកាំង​ទៅ​លើ​​រដ្ឋបាល​ហុងកុង។​

ហុង​កុង ជា​អតីតដែន​​អាណានិគមកិច្ច​​អង់គ្លេស និង​ត្រូវ​រដ្ឋអំណាច​ចិន​ អនុម័ត​ច្បាប់​គ្រប់​គ្រង​សន្តិសុខ​ជាតិ នៅឆ្នាំ​២០២០ បន្ទាប់ពី​ ចិន​បាន​បង្ក្រាប​ចលនា​បាតកម្ម​ដ៏​ធំ​សម្បើម​ អូស​បន្លាយ​ជាច្រើន​ខែ ក្នុង​ឆ្នាំ២០១៩។​ ច្បាប់របស់​ចិន​ដែល​ដាក់​នៅ​ហុងកុង​​នេះ បាន​ចែង​កំហិត​​ទោស​ពន្ធនាគារ​អស់​១ជីវិត ចំពោះ​បុគ្គលណា​ដែល​ធ្វើ​សកម្ម​ភាព​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហុង​កុង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ