អានតួអត្ថបទ
រាជវង្ស-ជំងឺមហារីក

រាជវាំង​អង់គ្លេស​​​អំណរ​គុណ​​សារគាំទ្រដ៏កក់ក្តៅ​ចំពោះអ្នក​ម្នាងខេត ​ដែលប្រកាសមានជំងឺមហារីក

ព្រះអង្គម្ចាស់ព្រះ​​រាជបុត្រាស្នងរាជ្យ វិល្លៀម និង​អ្នកម្នាង ខេត រំជួល​​ព្រះរាជហឫទ័យ​ជា​ខ្លាំង ចំពោះ​សារគាំទ្រ​របស់ប្រជានុរាស្ត្រ​អង់គ្លេស និង​អ្នក​ស្រឡាញ់គាំទ្រ​ពីគ្រប់​ជ្រុងជ្រោយ​នៃពិភពលោក​។​ សារគាំទ្រ​ទាំង​នោះ​​ ធ្លាក់​មក​ជាបន្ត​បន្ទាប់ ​ក្រោយ​ពីព្រះនាង​ ខេត ចេញព្រះភក្ត្រ​ប្រកាស​ពី​ការ​ព្យាបាល​ជំងឺ​មហារីក​។

ព្រះអង្គម្ចាស់ព្រះរាជបុត្រាស្នងរាជ្យ William និងអ្នកម្នាង Kate រំជួលព្រះរាជហឫទ័យជាខ្លាំង ចំពោះសារគាំទ្រ។
ព្រះអង្គម្ចាស់ព្រះរាជបុត្រាស្នងរាជ្យ William និងអ្នកម្នាង Kate រំជួលព្រះរាជហឫទ័យជាខ្លាំង ចំពោះសារគាំទ្រ។ REUTERS - Toby Melville
ផ្សាយពាណិជ្ជកម្ម

ព្រះរាជបុត្រស្នងរាជ្យ វិល្លៀម និង​​អ្នកម្នាង ខេត ក្សត្រ​ទាំង​ទ្វេ​រំភើប​រំជួល​​ព្រះ​រាជហឫ​ទ័យ​​ជា​ពន់ពេក ចំពោះ​បណ្តា​សារ​ថ្លែង​គាំទ្រនិងលើកទឹក​ចិត្ត​ដ៏​កក្តៅ​​ ពីសំណាក់​ប្រជា​រាស្ត្រ​អង់គ្លេស​ ពីក្រុម​​ប្រទេសសមាជិក ខុមមុនវែលត៍​​ ​ហើយ​​សារ​ពីក្រុម​​អ្នកនយោបាយ​ ពីតារាល្បីៗ​ និងពី​អ្នក​គាំទ្រ​រាជានិយម​អង់គ្លេស នៅ​​គ្រប់​ទិសទី​នៃពិភពលោក។ សារសម្តែង​សមានចិត្ត​ទាំងនោះធ្លាក់​មក បន្ទាប់ពី ព្រះនាង ខេត ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ​នៅក្នុង​រាជវង្ស​អង់គ្លេស បាន​ប្រកាសកាល​​ពីថ្ងៃសុក្រ ថា​ អ្នក​ម្នាង​ទ្រង់​ទើបតែ​យាង​ចេញពីការ​ព្យាបាលជំងឺ​មហារីក នោះ​គឺ​ការ​ព្យាបាល​កិច្ចការពារ​ដោយប្រើ​ថ្នាំ​គីមី​ ។

អ្នកម្នាង Kate លើកទឹកចិត្តដល់អ្នកជំងឺមហារីកទាំងអស់  កុំឲ្យអស់សង្ឃឹម បាក់ទឹកចិត្តឲ្យសោះ ព្រោះអ្នកមិនឯកាឡើយ។
អ្នកម្នាង Kate លើកទឹកចិត្តដល់អ្នកជំងឺមហារីកទាំងអស់ កុំឲ្យអស់សង្ឃឹម បាក់ទឹកចិត្តឲ្យសោះ ព្រោះអ្នកមិនឯកាឡើយ។ AP

ការ​សព្វព្រះទ័យ​​ចេញព្រះភក្ត្រ​មាន​បន្ទូលជា​វីដេអូនេះ ​បាន​​បំបែក​ភាព​ស្ងប់ស្ងាត់ និង​ពាក្យ​ចចាមអារាម​​ជាច្រើនសប្តាហ៍មកនេះ។ ក្នុងសារវីដេអូ​ ​អ្នកម្នាង វ័យ​៤២វស្សា ​រំឭក​ថា​ បាន​​​ទទួល​ការ​ព្យាបាល​ នៅ​ខែ​មករា ហើយ​និង​​ទ្រង់​សូម​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ដែល​​​យកចិត្តទុក​ដាក់​ទីបំផុត​។​ ដោយ​មិន​បញ្ជាក់ថា​ជំងឺ​មហារីក​អ្វី​នៅកន្លែងណា, ​​ព្រះ​នាង​ ខេត គ្រាន់តែ​មាន​​បន្ទូល​​ឲ្យដឹង​ថា ការ​តស៊ូ​ទប់​ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​និងការ​ព្យាបាល​ដ៏​ឈឺចាប់ ជារឿង​លំបាកមួយ​ តែ​ការ​លំបាកដ៏​ធ្ងន់មួយទៀត​របស់​អ្នក​ម្នាង​​ គឺ​ការ​ពន្យល់ដល់​​បុត្រាបុត្រី ​៣ ព្រះអង្គ ដែល​តែ​នៅមាន​វ័យ​ក្មេងៗតូច​ៗ​នៅឡើយ។​ ទោះយ៉ាងនេះក្តី អ្នក​ម្នាង​ទ្រង់​ប្តេជ្ញា​តាំង​ស្មារតី រក្សា​​ជំហរ​រឹងមាំ​។ រឹងមាំមួយ​ផ្នែក​ ក៏​ដោយ​បាន​ព្រះស្វាមី​គង់​ក្បែរ​ទ្រង់​ជានិច្ច ក្នុងស្ថានភាព​ដ៏​លំបាក​នេះ​។​ ការ​សំខាន់១​ទៀត​​ អ្នកម្នាង ខេត ​បាន​ឆ្លៀត​ឱកាស​លើក​ទឹកចិត្តដល់​អ្នក​ជំងឺ​មហារីក​ទាំងអស់  កុំឲ្យ​អស់សង្ឃឹម​ បាក់​​ទឹកចិត្ត​ឲ្យ​សោះ ព្រោះ​អ្នក​មិន​ឯកាឡើយ​។​

កាសែតអង់គ្លេស ផ្សាយ​ដំណឹង​ពី​អ្នក​ម្នាង​ខេត ព្រោងព្រាត។
កាសែតអង់គ្លេស ផ្សាយ​ដំណឹង​ពី​អ្នក​ម្នាង​ខេត ព្រោងព្រាត។ AP - Kirsty Wigglesworth

ចេញផ្សាយ​ថ្ងៃអាទិត្យ កាសែត The Sunday Time បាន​កត់​សម្គាល់​ថា​ ខ្លឹម​សារ​ក្នុង​វីដេអូ​នេះ សរសេរ​ដោយ​ហត្ថារបស់​ទ្រង់ផ្ទាល់ និង​បង្កប់​មនោមសញ្ចេតនា​មនុស្សធម៌​ជាទីបំ​ផុត។​​ ទន្ទឹមនោះ កាសែត​ប្រចាំថ្ងៃ​អង់គ្លេស The Mail on Sunday ក៏​បាន​ចាត់ទុក​ ​អ្នកម្នាង​ ខេត ថា​ជា​ ក្សត្រី​ដ៏​ក្លាហាន។​ ស្រដៀង​គ្នា​នេះដែរ ព្រះរាជប្រកាសពី​យប់​ថ្ងៃសៅរ៍​របស់រាជវាំង​អង់គ្លេស បាន​ឲ្យដឹង​​​ថា ព្រះមហាក្សត្រ ក៏​បាន​សព្វព្រះទ័យកោត​សរសើរ​ជា​ខ្លាំង​ចំពោះ​​សេចក្តី​ក្លាហាន​របស់ព្រះនាង​ ខេត ដែល​ហ៊ាន​ចេញព្រះភក្ត្រ​ ថ្លែង​ទុក្ខ​ព្រួយ​​ ហើយ​និង រៀបរាប់​ការ​តស៊ូទប់​ទល់​នឹង​ព្រះរោគា។ ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​ចាត់ទុកថា នេះមាន​សេចក្តីក្លាហាន​គួរជាមោទនៈ។ ព្រះ​រាជវាំងអង់គ្លេស បានបញ្ជាក់​ឲ្យដឹង​ទៀត​ថា នា​ប៉ុន្មានសប្តាហ៍​​ចុង​ក្រោយ​នេះ ព្រះ​មហាក្សត្រ​អង់គ្លេស​ព្រះអង្គ ឆាលស៍ ទី៣ ​ទ្រង់​ទាក់ទង​យ៉ាង​ជាប់លាប់​បំផុត​ ជាមួយ​នឹង​​ព្រះ​រាជ​សុណិ​សា (កូនប្រ​សា​ស្រី​)​ ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ទ្រង់​។

គួររំឭក​ថា​ ព្រះរាជវង្ស​អង់គ្លេស ទទួល​រង​ជំងឺ​មហារីក​ផ្ទួនៗគ្នា​​។ សូម្បី​ព្រះរាជា ​ព្រះអង្គ ឆាលស៍ ទី៣ ក៏​កំពុងតែ​​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​ប្រូស្តាត​ ហើយ​នា​ពេលនេះ ​​ព្រះនាង​ ខេត ថែម១អង្គ​ទៀត​​៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ