អានតួអត្ថបទ
កម្ពុជា

ការ​​ផ្ទុះ​​បាតុ​​កម្ម​​របស់​​កម្មករ​ បណ្តាល​​អោយ​​មាន​​មនុស្ស​​ស្លាប់​​​៣នាក់​​ និង​​របួស​​​ច្រើននាក់​​​

ស្ថាន​ភាព​បាតុ​កម្ម​អហិង្សា​ទាម​ទារ​ប្រាក់​ឈ្នួល ១៦០ដុល្លារ​របស់កម្មករ និង​សហជីព បាន​កើន​កំដៅ​កាន់​តែខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា​នេះ។ មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុ​ករ និង​ប៉ូលិស ខណៈ​បាតុ​កម្ម​មាន​នៅ​ច្រើន​កន្លែង រួម​ទាំង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​បន្ត។ បាតុ​ករ​នៅ​បន្ត​ប្រឈមមុខ​ជា​មួយ​នឹង​សមត្ថ​កិច្ច​បើ​ទោះ​បី​ជា​រង​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​។

កម្មកររងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយ​កម្លាំងអាជ្ញាធរ នៅឯសួនឧស្សាហកម្មកាណាឌីយ៉ាព្រឹកថ្ងៃសុក្រទី ៣មករាឆ្នាំ២០១៤។
កម្មកររងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយ​កម្លាំងអាជ្ញាធរ នៅឯសួនឧស្សាហកម្មកាណាឌីយ៉ាព្រឹកថ្ងៃសុក្រទី ៣មករាឆ្នាំ២០១៤។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

បាតុកម្មអហិង្សា​របស់​កម្មករ និង​សហជីព​ដែល​ទាមទារ​ប្រាក់​ឈ្នួល  ១៦០ដុល្លារ បាន​រីក​រាល​ដាល​ជាច្រើន​កន្លែង ហើយ​ទំនងជា​កាន់តែ​ក្តៅឡើងៗ ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជា​មួយនឹង​សមត្ថកិច្ច រហូត​មាន​ស្រក់​តំណក់ឈាម នៅ​ព្រឹក​ថ្ងៃទី៣ មករា​នេះ។ ព័ត៌មាន​បឋម​ពី​ការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​មួយ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វេងស្រេង រាជធានី​ភ្នំពេញ ដែល​អូសបន្លាយ​តាំងពី​ពាក់​កណ្តាលយប់ បណ្តាលអោយមាន​មនុស្ស​ស្លាប់ របួស និង​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន។

ប្រធាន​ក្រុម​ស៊ើបអង្កេត របស់​អង្គការសិទ្ធិមនុស្ស អាដហុក លោក ចាន់ ស៉ា​វេត ដែល​កំពុង​តែ​នៅក្នុង​ហេតុការណ៍ បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការចាប់​ខ្លូន​បាតុករ​ដាក់​ឡាន​ចំនួន ៧នាក់ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ប្រមុខ​ដាក់គ្នា​រវាង​បាតុករ និង​អាជ្ញាធរ មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេងស្រេង នៅតែ​តានតឹង​នៅឡើយ គិត​ត្រឹម​វេលា​រសៀល​ថ្ងៃទី ៣មករា​នេះ ដោយ​បាតុករ​បន្ត​ចេញមកស្រែក ដុត​កង់ឡាន និង​គប់​ដុំថ្ម ដាក់​សមត្ថកិច្ច។ សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​មន្ត្រី​ស៊ើបអង្កេត​រូបនេះ​ថា អ្នកស្លាប់​អាច​កើន​ដល់ ៤នាក់ ១០នាក់ រង​របួស ហើយ​មាន​ការ​ចាប់ខ្លួន​ប្រមាណ ២០នាក់។ ទីកន្លែង​ជុំវិញ​បរិវេណ​កើតហេតុ​ត្រូវបាន​បិទផ្លូវ​ មិន​អោយ​ចរាចរ​ចេញ​ចូល។

នៅ​ព្រឹក​នេះ បាតុកម្មអហិង្សា​លើផ្លូវ​ជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ២ នៅតែមាន​ការតវ៉ា​បិទផ្លូវ​ដដែល ទោះបី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយនឹង​ប៉ូលិស នេះ​បើតាម  លោក ជា មុនី ប្រធាន​​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មេដឹកនាំ​សហជីព​សេរី​កម្មករ​រូបនេះ បាន​បន្តថា កម្មករ​ត្រូវបាន​ណែ​នាំអោយ​បាតុកម្ម​ដោយ​សន្តិវិធី និង​​​កម្មករភាគច្រើន​​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ ​យ៉ាងយូរបំផុត​ត្រឹម​ម៉ោង៤ល្ងាច។

តំណាង​សហជីព​ទាំង៦ បានបង្ហាញ​ភាពស្រពិចស្រពិល​ក្នុងការ​កំណត់​អត្តសញ្ញាណ​របស់​ក្រុម​អុកឡុក​នៅតាម​រោងចក្រ និង​បាតុករ​ហិង្សា​នៅ កំណាត់​ផ្លូវ​វេ​ង​ស្រេង ដោយ​បកស្រាយ​ត្រឹម​ថា បាតុកម្ម​របស់​សហជីព និង​កម្មករ គឺជា​ការសម្តែង​មតិ​អហិង្សា​មិន​ពេញ​ចិត្តនឹង​ប្រាក់​បៀរ​វត្សរ​​តិចតួច ដែល​កើត​ពី​សុ​ឆន្ទៈ​របស់​កម្មករ​ខ្លួនឯង មិនមែន​ដើម្បី​តែ​ប្រយោជន៍​របស់​សហជីព​ទាំង៦ទេ។

តាម​ប្រភពព័ត៌មាន​ពី គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម ការពារ​សិទ្ធិមនុស្សកម្ពុជា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ កងកំលាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​បានចាប់ផ្តើម​ចូល​ឆេ​ក​ឆេរ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ។ បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ពី​ការបន្ត​កូដកម្ម​របស់​កម្មករ នៅ​រោងចក្រ​ផ​លិ​ត​​ស្បែកជើង ជីហួយ បណ្តោយ​ផ្លូវជាតិ​លេខ៦ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ត្រង់​សង្កាត់​ចាក់​អង្រែ​ក្រោម មុខ​រោងចក្រ MV សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កម្មករ​រោងចក្រ ដោយ​បញ្ជាក់​ពី​ចំនួន​កម្មករ​រាប់ពាន់នាក់​ បន្តធ្វើ​បាតុកម្ម និង​កូដកម្ម៕
                                                                            

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ