អានតួអត្ថបទ

អាជ្ញាធរគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ រំពឹងថានឹង​សម្រេច​​​បទដ្ឋានច្បាប់អន្តរជាតិ នៅឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី២១កក្កដា  អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ បាន​សម្រេចបើ​ក​ផ្លូវ​ឲ្យ​ផ្តើម​រៀបចំ​បទដ្ឋានច្បាប់អន្តរជាតិ១ ស្តីពីការជីកខួងយករ៉ែបាតសមុទ្រ ដែល​គម្រោង​ច្បាប់​ត្រូវនឹង​​ដាក់​ចេញ​​នៅឆ្នាំ២០២៥។ នេះគឺជាការ​សម្រេច​ចិត្ត​មួយ​«ដ៏​លំបាក​» ក្រោយ​ពី​​​ជជែក​ពិភាក្សា​គ្នា​យ៉ាងតឹង​សរសៃ ក​ អស់​រយៈ​ពេល​ជាច្រើន​ម៉ោង នៅក្នុង​ប្រទេស ហ្សាម៉ាអ៊ីក​។​ ​

សកម្មជនអង្គការ Greenpeace លើកបដា​នៅ​សមុទ្រ ឲ្យ​ជួយ​ការពារ​ធនធាន​បាតសមុទ្រ។
សកម្មជនអង្គការ Greenpeace លើកបដា​នៅ​សមុទ្រ ឲ្យ​ជួយ​ការពារ​ធនធាន​បាតសមុទ្រ។ REUTERS - GUSTAVO GRAF MALDONADO
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ មាន​រដ្ឋសមាជិក​ ១៦៧ ប្រទេស នឹងត្រូវ​រៀបចំ​ធ្វើ​មហាសន្និបាត​ប្រចាំ​ឆ្នាំ នៅ​សប្តាហ៍​ខាងមុខ។ មុន​នឹង​មហាសន្និបាត ឈានចូល​​មកដល់ ក្រុម​ប្រឹក្សា​ នៃ​អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ មាន​ប្រទេស​ ៣៦ ត្រូវ​ជួប​ចរជាគ្នា​ជាមុន​ ពី​គម្រោង​របៀបវរៈ​។ ពួក​គេ​បាន​ជួបគ្នា​នៅ​ប្រទេស ហ្សាម៉ាអ៊ីក​ ថ្ងៃ​សុក្រ​​។​ នៅក្នុង​នោះ អ្នក​តំណាង​ប្រទេស​ម៉ិចស៊ិក ​ជា​ប្រធាន​ក្រុម​ប្រឹក្សា បាន​លើកឡើង​ នៅក្រោយ​កិច្ច​ប្រជុំស៊ីពេល​​ដ៏​យូរ ​ថា អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ បាន​សម្រេច​ដាក់​សូចករ​កំណត់​ឲ្យ​មាន​វិធាន​បទដ្ឋាន​អន្តរជាតិ ​​ស្តីពីការជីកខួងយករ៉ែបាតសមុទ្រ​ នៅ​រយៈ​ពេល​ ២ឆ្នាំ ​ខាងមុខ​ទៀត។

ការ​សម្រេចចិត្ត​​នេះ ក៏ជាការ​ឆ្លើយ​​​តបដែរ ​ទៅតាម​សំណើរ​បស់​ប្រទេស​កូន​កោះ Nauru ដែល​ធ្លាប់​បាន​លើក​សំណុំ​បញ្ហា​ អំពី​ក្រុម​ហ៊ុន​ឯកជន​ ដែល​មាន​រដ្ឋាភិបាល​នៅពីក្រោយ ហើយ​និង​ទៅ​ចរចា​ជាមួយ​ប្រទេស​ដទៃ​ ដើម្បី​ជីកខួង​រ៉ែ​ក្រោម​បាត​សមុទ្រ (បាតសមុទ្រ​ដែល​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ប្រទេស​នោះ​)។ ២ឆ្នាំមុន​ ប្រទេស​កូន​កោះ Nauru ស្នើឲ្យ​មាន​ច្បាប់​អន្តរជាតិ​ដើម្បី​គ្រប់​បញ្ហា​នេះ។​

មកទល់​សព្វ​ថ្ងៃ​នេះ ក្រុម​ប្រឹក្សា​ នៃ​អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ គឺ​ធ្លាប់តែបាន​អនុញ្ញាត​យល់​ព្រម​ចំពោះកិច្ច​សន្យា​ស្រាវជ្រាវ​រុក​រករ៉ែ តែ​នៅក្នុងរង្វង់​​​ដែន​សមុទ្រ​អន្តរជាតិ​ ដែល​គ្មាន​ជម្លោះ និង​ដែល​នៅក្រៅ​ពី​តំបន់ដែន​សមត្ថកិច្ច​របស់​ប្រទេស​ណាមួយ តែប៉ុណ្ណោះ​។​

ទោះបី​ជា​ម្តេច​ក្តី គម្រោង​បទដ្ឋាន​ច្បាប់​ថ្មី គឺត្រូវ​ប្រទេស​ជាច្រើន​ ពិសេស​ក្រុម​ប្រទេស​ដែល​ស្រឡាញ់​និងចង់​ការពារ​អភិរក្ស​សមុទ្រ បាន​សម្តែង​ក្តីព្រួយ​បារម្ភ។ ព្រួយ​បារម្ភ​ព្រោះខ្លាច​ក្រែង​តែ​ខចែង​របស់​ច្បាប់​ថ្មី អាច​នឹង​បើក​ច្រកផ្លូវ​កាន់តែ​ធំទូលាយ ឲ្យ​ជីកខួង​រ៉ែ​បាតសមុទ្រ​ក្នុង​ទ្រង់ទ្រាយ​ធំ ឬពាក្យ​បច្ចេកទេស ថា​ ឧស្សាហកម្ម​និស្សារណកម្ម នាំ​ឲ្យ​ខូច​បំផ្លាញ​ប្រព័ន្ធ​ជីវៈ​ចម្រុះ​បាតសមុទ្រ​។​

អាស្រ័យ​ហេតុនេះ កិច្ចប្រជុំ​មហាសន្និបាត​ របស់ អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ នៅ​សប្តាហ៍​ខាងមុខ គឺ​ឋិត​នៅក្រោម​ក្រសែភ្នែកតាម​ដាន​​ឃ្លាំមើល​យ៉ាង​ប្រុង​ប្រយ័ត្ន ពី​ពួក​ប្រទេស​ទាំង​នេះ ហើយ​និង មាន​អង្គការ​ការពារ​បរិស្ថាន​ផ្សេងទៀត​ដែរ ដូចជា សម្ព័ន្ធ​រក្សា​បាត​សមុទ្រ អង្គការ​ Greenpeace និង WWF

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ