អានតួអត្ថបទ
កម្ពុជា

អង្គ​​ការ​​សិទ្ធិ​ម​នុស្ស​​រាយ​​ការណ៍​​ថា ​មាន​​មនុស្ស​​ស្លាប់​​៤​​នាក់​​ក្នុង​​ការ​​ប៉ះ​​ទង្គិច​​គ្នា​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កុប​ករ និង​ប៉ូលិស​កង​រាជ​អាវុធ​ហត្ថ​ នៅសួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ផ្លូវវេង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​៣ មករា នេះ បាន​បណ្តាល​អោយ​មាន​អ្នក​ស្លាប់​៤​នាក់​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​សមត្ថ​កិច្ច ​ក្នុង​នោះ​ក៏​មាន​យុវ​សិស្ស​ស្រី​ម្នាក់​ផង។ សភាព​ការណ៍​នៅ​កន្លែង​កើត​ហេតុ មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ ដោយ​សារ​កុបករ បន្ត​ឆ្លើយ​ឆ្លង​គ្នា​ ដោយ​ការ​គប់​ដុំថ្ម​ដាក់​ប៉ូលិស​កង​រាជ​អាវុធ​ហត្ថ ហើយ​មាន​ការ​ដុត​ភ្លើង​បង្ក​ផ្សែង​ខ្មៅ​។

បាតុកម្ម​កម្មករ​រោងចក្រ​ ថ្ងៃ៣មករា ឆ្នាំ២០១៤
បាតុកម្ម​កម្មករ​រោងចក្រ​ ថ្ងៃ៣មករា ឆ្នាំ២០១៤ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

យុវ​សិស្ស​ស្រី​ម្នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៤នាក់ ដែល​ជា​បច្ច័យ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​បាតុ​ករ និង​ប៉ូលិស​កង​រាជ​អាវុធ​ហត្ថ នៅ​សួន​ឧស្សា​ហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វេង​ស្រេង រាជ​ធានី​ភ្នំពេញ ពេញ​មួយ​ថ្ងៃនេះ។ សមរ​ភូមិ​ដ៏​ក្តៅ​គគុក​មួយ​នេះ ទំនង​ជា​មិន​អាច​បញ្ចប់​ភ្លាម​ៗ​ទេ ដរាប​ណា​នៅតែមាន​ការ​ប្រយុទ្ធ​តបត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កុបករ និង​កង​រាជ​អាវុធ​ហត្ថ ដែល​អ្នក​តាម​ដាន​ព្រឹត្តិ​ការណ៍​នៅ​កន្លែង​កើត​ហេតុ បាន​ប្រដូច​សភាព​ការណ៍​នេះ​ទៅ​នឹង​​ការ​វែក​ចក។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត របស់​អង្គ​ការ​សិទ្ធិ​មនុស្ស លីកាដូ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី៣មករា ថា តាម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ភ្នែក អ្នកស្លាប់​ទាំង ៤​នាក់ គឺ​បណ្តាល​មកពី​គ្រាប់​កាំ​ភ្លើង។ ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​នោះ​រួមមាន ក្មេងស្រី​ម្នាក់​អាយុ ១៧ឆ្នាំ ជា​សិស្សសាលា ហើយ​បីនាក់​ផ្សេងទៀត មាន​សមាស​ភាពជា​ពលរដ្ឋ និង​កម្មករ។ តួលេខ​បឋម​នៃ​អ្នករងរបួស​ក្នុង​ហេតុការណ៍​កើន​ដល់ ៣៧នាក់ ខណៈដែល​កុបករ​១១នាក់ទៀត​ ត្រូវបាន​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បាន​កើត​ឡើង​ដោយ​សារ​ក្រុម​កម្មករ​បាន​នាំ​គ្នា​បិទផ្លូវ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ប៉ុន្តែ ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ច​បំបែក​រហូត​ឈាន​ដល់​អំពើ​ហិង្សា​ផ្ទុះ​អាវុធ​តែម្តង។ ក្រុម​កម្មករ​បាន​នាំ​គ្នា​គប់​ដុំថ្ម ដប​ទឹក ឬ​ដំបង​ទៅលើ​សមត្ថកិច្ច​បណ្តាល​ឲ្យ​រង​របួស​ជាច្រើន​នាក់។ ចំណែកឯ​សមត្ថកិច្ច​វិញ ​ក៏បាន​បាញ់​ទៅលើ​ហ្វូង​បាតុករ​តែម្តង​បណ្តាល​​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​បែបនេះ។

ក្រោយ​សោកនាដកម្ម​​នៅមុខ​រោងចក្រ​យ៉ាក​ជីន នា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេងស្រេង សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ភាគី​សង្គម​ស៊ីវិល សហជីព និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​ប្រតិកម្ម​ផ្សេងគ្នា ថ្កោលទោស​ការបង្ក្រាប​ដោយ​អាវុធ​របស់​អាជ្ញាធរ ហើយ​បាន​អំពាវនាវ​អោយ​បញ្ឈប់​ជាបន្ទាន់​ នូវ​ការប្រើប្រាស់​អំពើហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់។

ចំណែក​ភាគី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល រដ្ឋាភិបាល និង​គណ​ក្ស​ប្រជាជន​កម្ពុជា កំពុងកាន់​អំណាច បានដាក់​ការទទួលខុសត្រូវ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់ទុកថា​ សោដ​នាដកម្ម​នា​ដើមឆ្នាំ​ថ្មី​នេះ បណ្តាលមកពី​ការ​ញុះញង់​របស់​គណបក្ស​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ