អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រ​​ជា​​ជន​​​និង​​​បក្ស​​សង្គ្រោះ​​ជាតិ​ ​ទម្លាក់​​​កំ​ហុស​​​ដាក់​​គ្នា​​​រឿង​​​​អំ​​ពើ​​​ហិង្សា​​

ក្រោយ​ការ​ផ្ទុះ​ឡើង​អំ​ពើ​ហិង្សា​ដែល​ឈាន​ដល់​មនុស្ស​របួស និង​ចាប់​ខ្លួន​នោះ ភ្លាម​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​អំ​ពើ​ហិង្សា​នេះ។ បក្ស​កាន់​អំ​ណាច​ចោទ​បក្ស​ប្រឆាំង​ថា ជា​អ្នក​នៅ​ពី​ក្រោយ​អំ​ពើ​ហិង្សា​នេះ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង បាន​ចោទ​បក្ស​កាន់អំណាច​ប្រើ​ប្រាស់​អំ​ពើ​ហិង្សា​ដែល​ជា​ដើម​ចម​នៃ​ការ​ផ្អាក​ការ​ចរចា​រវាង​បក្ស​ទាំង​ពីរ។ បក្ស​ប្រ​ឆាំង​បានប្រ​កាស​ធ្វើ​មហា​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ចាប់​ពី​ចុង​សប្តាហ៍​នេះ​ទៅ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង និង​បញ្ឈប់​ប្រើ​ប្រាស់​អំ​ពើ​ហិង្សា​ដល់​ក្រុម​កម្មករ​រោង​ចក្រ​។

កងកម្លាំង​​សន្តិសុខ​​កំពុង​ប្រឈម​ជាមួយបាតុករ
កងកម្លាំង​​សន្តិសុខ​​កំពុង​ប្រឈម​ជាមួយបាតុករ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ភ្លាម​ៗ​ក្រោយ​ការ​ផ្ទុះ​បាតុ​កម្ម​ហិង្សា​បង្ហូរ​​ឈាម​រវាង​កង​កម្លាំង​របស់​រដ្ឋាភិបាល និង​ក្រុម​កម្មករ គណបក្សកាន់អំណាច និង​បក្សប្រឆាំង​ទម្លាក់កំហុស​ដាក់គ្នា​រឿង​អំពើហិង្សា​នេះ។ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ចោទថា​ បក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​អុជអាល​ញុះញង់​ឱ្យមាន​សកម្មភាព​ហិង្សា​នេះ។ ហើយ​បក្ស​កាន់អំណាច​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​អុជអាល​ដែលនាំឱ្យ​មានការ​បិទផ្លូវ និង​ការអុកឡុក​រំខាន​នានា និង​ធ្វើ​ឱុ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ស​ង្គ​ម។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី២ម្សិលមិញ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏បាន​ថ្កោលទោស​រដ្ឋាភិបាល​ដែល​បាន​ប្រើប្រាស់​អំពើហិង្សា​នេះ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាត់ចោល យ៉ាង​ដាច់អហង្កា​ដែលថា​បក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​អុជអាល​អំពើហិង្សា​នេះ។ លោក សម រង្ស៊ី ថែមទាំង​ប្រកាស​ឱ្យមាន​មហា​បាតុកម្មអហិង្សា​ធំ​មួយ ចាប់ពី​ចុង​សប្តាហ៍​នេះ។

ទោះបីជា​បែបណា ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​នាពេល​បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា​ មានតែ​ការចរចា​មួយ​តែប៉ុណ្ណោះ ​គឺជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព។ ជា មួយនឹង​គោលជំហរ​ឥត​ប្រែប្រួល​របស់ខ្លួន ​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​បាន​​ស្នើឱ្យ​​គណ​បក្ស​សង្គ្រោះ​​ជាតិ​​វិល​​ចូល​​តុ​ចរ​ចា​​ជាប​​ន្ទាន់​​ ដើម្បី​​រួម​គ្នា​​ដោះ​ស្រាយ​​បញ្ហា​​ដោយ​​សន្តិ​វិធី​ ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​សេចក្តីសុខ​សង្គម។

លោក សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ បាន​​បញ្ជាក់​យ៉ាងច្បាស់​ថា គណបក្សប្រឆាំង​នឹង​វិល​ចូល​តុ​ចរចា​វិញ​ភ្លាម ​ប្រសិនបើ​រដ្ឋា​ភិ​បាល​​បញ្ឈប់​ការបង្ក្រាប​អំពើហិង្សា និង​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់ ​ក្នុងកំឡុងពេល​​ប៉ះទង្គិច​គ្នា​ ឱ្យមាន​សេរីភាព​ឡើងវិញ។

គួររំលឹកថា ដោយសារ​ការផ្ទុះ​អំពើហិង្សា​បង្ហូ​រ​ឈាម​នេះ បាន​បណ្តាលឱ្យ​ការចរចា​ដ៏​កម្រ​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៣ មករា​នេះ ត្រូវបាន​ប្រកាស​លុប​ចោល​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ