អានតួអត្ថបទ
កម្ពុជា

លោក​​​វ៉ន​ ពៅ​​​និង​​​គ្នី​​គ្នា​​ ត្រូវ​​បាន​​​បញ្ជូន​​​ទៅ​​​តុ​​លា​​ការ​ ​ក្រោម​​​សម្រែក​​​តវ៉ា​​​​របស់​​​​សកម្ម​​ជន​​​​សិទ្ធិ​​មនុស្ស​​​

ប្រធាន​សមា​គម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ និង​បាតុ​ករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​យោធា​​ឆ័ត្រ​យោង​៩១១ កាល​ពី​ថ្ងៃ​ទី​២​មករា​ម្សិល​មិញ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ ថ្ងៃ​ទី​៣​មករា​នេះ។ អ្នក​ជាប់​ឃុំ​ទាំង​១០​នាក់ រួម​ទាំង​លោក​វ៉ន ពៅ​ផង ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ហិង្សា។

ក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវ នៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក វ៉ន ពៅ នៅថ្ងៃសុក្រ ទី ០៣មករា ឆ្នាំ ២០១៤។
ក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវ នៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក វ៉ន ពៅ នៅថ្ងៃសុក្រ ទី ០៣មករា ឆ្នាំ ២០១៤។ RFI/ rachna
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៣​មករា​នេះ ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រ៉ឺម៉ក​កង់​បី ព្រះ​សង្ឃ និង​ក្រុម​អ្នក​តវ៉ា​សិទ្ធិ​ដី​ធ្លី​រាប់​រយ​នាក់ បាន​ប្រ​មូល​ផ្ដុំ​គ្នា បិទ​ផ្លូវ​ ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ។ ក្រុម​អ្នក​តវ៉ា ដែល​បាន​អះ​អាង​ថា នឹង​នៅ​តែ​បន្ត​រហូត​ទាល់​តែ​សា​លា​ដំបូង ដោះ​លែង​លោក​វ៉ន ពៅ និង​បាតុករ​ដែល​ជាប់​ឃុំ​ទាំង​អស់​សំឡេង​តវ៉ា​លាន់​លឺ​កង​រំពង​នៅ​មុខ​សា​លា ​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣​មករា​នេះ។ មហា​វិថី​ព្រះ​មុនី​រ៉េត ត្រូវ​បាន​បិទ​ពី​មុខ​ផ្សារ​ទំនើប​ស៊ីធីម៉ល រហូត​ជិត​​ដល់​អតីត​រង្វង់​មូល​នាង​គង្ហីង ដោយ​សកម្មជន​សិទ្ធិ​មនុស្ស​ជាង​៣០០​នាក់ ដែល​ក្នុង​នោះ​រួម​មាន អ្នក​រត់​ម៉ូ​តូ​ឌុប រ៉ឺម៉ក​កង់​បី ព្រះសង្ឃ និង​សកម្ម​ជន​តវ៉ា​សិទ្ធិ​ដី​ធ្លី​ផង​ដែរ។

នេះ​ជា​ការ​តវ៉ា ទាមទារ​ឲ្យ​សាលា​ដំបូង​ដោះ​លែង​លោក វ៉ន ពៅ ប្រធាន​សមា​គម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ និង​បាតុ​ករ​ដទៃ​ទៀត សរុប​ចំនួន​១០​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២​មករា និង​ត្រូវ​បញ្ជូន​មក​សាលា​ដំបូង ​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣​មករា​នេះ។ អ្នក​ដែល​ជាប់​ឃុំ​ទាំង​អស់ ត្រូវ​​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​អំពើ​ហិង្សា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ចាន់ សូវ៉េត មន្ដ្រី​ស៊ើប​អង្កេត របស់​អង្គការ​សិទ្ធិ​មនុស្ស អាដ​ហុក​។

នៅ​ក្នុង​ការ​តវ៉ា​នា​ព្រឹក​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​លេច​មុខ​មួយ​ភ្លែត​ដែរ ដោយ​លោក​បាន​ទាមទារ​ឲ្យ​សាលា​ដំបូង ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​១០​នាក់ ឲ្យ​ពួក​គេ​ចេញ​មក​ព្យាបាល​របួស​ឲ្យ​ជា​សះ​ស្បើយ​សិន។ មន្ដ្រី​ស៊ើប​អង្កេត​អង្គការ​អាដ​ហុក លោក ចាន់ សូវ៉េត បាន​លើក​ឡើងពី​ស្ថានភាព​សុខភាព​របស់​លោក​វ៉ន ពៅ និង​អ្នក​ជាប់​ឃុំ​​ទាំង​៩​នាក់​ផ្សេង​ទៀត​ថា មាន​លក្ខណៈ​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​ការ​វាយ​ដំ ក្រោយ​ការ​ឃុំ​ខ្លួន។

រហូត​មក​ទល់​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ នៅ​មិន​ទាន់​មាន​ការ​ប៉ះ​ទង្គិច​ណាមួយ រវាង​ក្រុម​អ្នក​តវ៉ា និង​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​នាក់ ដែល​កំពុង​មាន​វត្តមាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទេ។ ក្រុម​អ្នក​តវ៉ា នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន ដោយ​បិទ​ផ្លូវ និង​ស្រែក​ទាមទារ​ ដដែល ក្រោម​ការ​អង្វរ​ករ​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​អំពាវ​នាវ ឲ្យ​ក្រុម​អ្នក​តវ៉ា បញ្ឈប់​​ការ​​បិទ​​ផ្លូវ ដើម្បី​អាច​ឲ្យ​ចរាចរណ៍​ដំណើរ​ការ​ឡើង​វិញ។ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា នឹង​នៅ​តែ​បន្ត​​សកម្មភាព​របស់​ខ្លួន រហូត​ទាល់​តែ​សាលា​ដំបូង ដោះ​លែង​លោក​វ៉ន ពៅ និង​បាតុករ​ដែល​ជាប់​ឃុំ​ទាំង​អស់។

សូម​រំលឹក​ថា នៅ​ថ្ងៃទី​០២​​មករា ម្សិលមិញ​នេះ ​មនុស្ស​១៥​នាក់​ ក្នុងនោះ​រួម​​មាន ​លោក​ វ៉ន ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ព្រមទាំង​ព្រះសង្ឃ​​​ផង ត្រូវ​បាន​ចាប់​ខ្លួន នៅក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ ​រវាង​​កង​កម្លាំងយោធា​ឆ័ត្រយោង​​៩១១ និង​ក្រុម​កម្មករ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​​ជ័យ រាជធានី​ភ្នំពេញ​។ ព្រះ​សង្ឃ​ចំនួន​៥​អង្គ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​ដោះ​លែង​វិញ នៅ​ពាក់កណ្ដាល​អាធ្រាត​ថ្ងៃ​ដដែល។ ដោយ​ឡែក លោក វ៉ន ពៅ និង​បាតុករ​ដទៃ​ទៀត សរុប​ចំនួន​១០​នាក់ ​ត្រូវ​បញ្ជូន​មក​សាលា​ដំបូង​ ដើម្បី​សាកសួរ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣មករា​នេះ។

បណ្តាញ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​៥ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ ដោយ​ហៅ​ការបង្ក្រាប និង​ការចាប់ខ្លួន​មនុស្ស ១០​នាក់ ដោយ​កម្លាំង​យោធា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងបង្ហាញ​នូវ​ចរិត​សម្លាប់​មនុស្ស​ដោយ​ចេត​នា។ សេចក្ដី​ថ្លែង​ការណ៍​ដដែល បាន​​អំពាវនាវ​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​១០​នាក់​ជាបន្ទាន់ ព្រម​ទាំង​ចាត់វិធានការ​ចាប់ខ្លួន​ទាហាន​ដៃដល់ ​ដែល​បង្ក្រាប​សកម្ម​សហជីព​ យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ