អានតួអត្ថបទ
ថាមពល អាកាសធាតុ

ចប់ពីកូវីដ១៩ ទីភ្នាក់ងារថាមពលអន្តរជាតិ អំពាវនាវ​ឲ្យ​ផ្តល់សន្ទុះដល់វិស័យ​ថាមពល​ដែល​ស្អាតស្អំ

ស្របពេលដែលប្រទេសជាច្រើន ជាពិសេសបណ្តាប្រទេសមហាអំណាច កំពុងរៀបចំគូសវាសផែនការ ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច ក្រោយកូវីដ១៩ ទីភ្នាក់ងារថាមពលអន្តរជាតិ បានអំពាវនាវ រំលឹកថា ផែនការទាំងនោះ ត្រូវ​តែផ្តល់អាទិភាពដល់ការវិនិយោគ ក្នុងវិស័យថាមពល​ដែលកកើតឡើងវិញ។ ទីភ្នាក់ងារថាមពលអន្តរជាតិ​ លើកឡើងថា នេះគឺឱកាសដ៏ល្អ សម្រាប់ពិភពលោក ដើម្បីងើបចេញវិបត្តិ ហើយដើរលើផ្លូវដ៏ល្អ ដើម្បី​កាត់បន្ថយការកើនឡើងនូវ​កំដៅផែនដី។

កង្ហារផលិតថាមពលអគ្គីសនី នៅតំបន់ Graincourt-les-Havrincourt ប្រទេសបារាំង ថ្ងៃទី​២៧ មេសា ២០២០
កង្ហារផលិតថាមពលអគ្គីសនី នៅតំបន់ Graincourt-les-Havrincourt ប្រទេសបារាំង ថ្ងៃទី​២៧ មេសា ២០២០ REUTERS - PASCAL ROSSIGNOL
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារថាមពលអន្តរជាតិ អំពាវនាវ ឲ្យប្រទេសទាំងអស់ ដែលកំពុងតែ​គូសវាស ​ផែនការផ្តល់សន្ទុះសេដ្ឋកិច្ច ថាត្រូវ​តែផ្តល់អាទិភាព ដល់ការវិនិយោគក្នុងវិស័យផលិតថាមពលដែល​កកើតឡើងវិញ ឬថាមពលដែលស្អាតស្អំមិនបញ្ចេញឧស្ម័នពុល។ រដ្ឋាភិបាលនានា ត្រូវតែផ្តោតការ​យកចិត្ត​ទុកដាក់ ជួយដល់វិស័យដែលបង្កើតការងារ ហើយទិន្ទឹមនឹងនេះគឺជាវិស័យ ដែលចូលរូម​កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលជាប្រភពនៃការកើនឡើងកំដៅផែនដី។

គួរបញ្ជាក់ថា ដោយសារតែវិបត្តិបង្កឡើងដោយជម្ងឺកូវីដ១៩ វិស័យថាមពលកកើតឡើងវិញ អាចប្រឈមនឹងការ​ចុះថយ​សក្តានុពល នៅក្នុងឆ្នាំ២០២០។ យោងតាមតួលេខរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា ការស្ថាបនាស្ថានីយផលិតថាមពល​កកើតឡើងវិញ អាចកើនបានប្រមាណ​តែ៦%ប៉ុណ្ណោះក្នុងឆ្នាំនេះ តែវាក៏នៅតិចជាងឆ្នាំ២០១៩កន្លងទៅ​ ដល់ទៅ​១៣% បើគិតពីចំនួន​ម៉េហ្កាវ៉ាត់នៃថាមពលដែលផលិតបាន។

លោក Fatih Birol អគ្គនាយកទីភ្នាក់ងារថាមពលអន្តរជាតិ បានលើកឡើងថា សកម្មភាពសាងសង់ ស្ថាបនាស្ថានីយផលិតថាមពល បានអាក់ខាន​ រីចុះថយ​ដោយសារមួយផ្នែកមកពី​វិធានការបិទខ្ទប់​ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។ តែមូលហេតុមួយទៀត និងដែលគ្រោះថ្នាក់បំផុតនោះ គឺឧបសគ្គហិរញ្ញវត្ថុ ពោលគឺគ្មានការ​បញ្ចេញ​ប្រាក់មកវិនិយោគ ក្នុងវិស័យនេះ។ លោកអគ្គនាយក​ទីភ្នាក់ងារថាមពលអន្តរជាតិ បាន​បារម្ភថាឆ្នាំ២០២០ ការស្ថាបនាស្ថានីយផលិតថាមពល​ដែលស្អាតស្អំ អាចថយចុះចំនួន​១ភាគ៣នៅអឺរ៉ុប ដែលនេះជាការចុះថយខ្លាំង បើគិតពីឆ្នាំ១៩៩៦មក។

លោក Fatih Birol បានសង្កត់ធ្ងន់ថា ឆ្លងកាត់វិបត្តិកូវីដ១៩នេះ យើងបានសង្កេតឃើញថា ប្រភពថាមពលដើរដោយកង្ហាខ្យល់ ដើរដោយពន្លឺព្រះអាទិត្យ​ ឬថាមពលបានមកពីប៊ីយ៉ូម៉ាស និងវារីអគ្គីសនី​ជាដើម គឺមាន​ភាពរឹងមាំខ្លាំង មិនដូចវិស័យឧស្សាហកម្មប្រេងឆៅឡើយ។ តែទោះ​យ៉ាង​នេះ​ក្តី លោកអគ្គនាយក​ទីភ្នាក់ងារថាមពលអន្តរជាតិ​ បានបារម្ភថា អ្នកវិនិយោគ អាចបោះបង់​ចោល​គម្រោង​នានា ក្នុងការផលិតថាមពលដែលស្អាតស្អំ ដោយសារតែពួកគេ​ ឃើញតម្លៃប្រេងចុះថោកខ្លាំង។

លោកបន្ថែមថា ដូច្នេះ រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់​ ចាត់វិធានការយ៉ាងណា ផ្តល់ទំនុកចិត្តដល់​អ្នកវិនិយោគនៅក្នុងវិស័យថាមពលកកើតឡើងវិញនេះ។ ក្រោយចប់វិបត្តិកូវីដ១៩ ពិភពលោក​​គួរតែ​​ឆក់ឱកាស ដើម្បី​ឈានទៅដើរលើផ្លូវមួយ ដែលនាំយើងទៅសម្រេចបាន នូវ​ផែនការ​​ប្រយុទ្ធប្រឆាំង​នឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ