អានតួអត្ថបទ

អ.ស.ប. ប្រកាសស្វែងរកជំនួយ​មនុស្ស​ធម៌ ៤៦,៤ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ថ្មី​ ២០២៤

ជិត​ដាច់​ឆ្នាំចាស់​ផ្លាស់​ឆ្នាំថ្មី​ អង្គការ​សហប្រជាជាតិ (អ.ស.ប.) ប្រកាស​អំពាវនាវ​ស្វែង​រក​ជំនួយសម្រាប់ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​ជម្លោះ​សង្គ្រាម វិបត្តិ​ប្រែប្រួល​អាកាសធាតុ និងរងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ នៅឆ្នាំ​២០២៤ខាងមុខនេះ អ.ស.ប.បញ្ជាក់ថា​ត្រូវ​ការ​កញ្ចប់​​ថវិកាមូលធិនិមនុស្សធម៌ ៤៦,៤ ពាន់​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​គម្រោង​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ​ នៅ​ក្នុង​ប្រទេសជាង​ ៧០។ តាមរយៈ​ជំនួយ​នេះ  អ.ស.ប.បង្ហាញក្តីសង្ឃឹម​ថានឹងអាចជួយ​​ស្រោច​ស្រង់​អាយុ​ជីវិត​មនុស្ស​​ចំនួន ១៨០,៥ លាន​នាក់ ក្នុង​ពិភព​លោក​។

លោក Martin Griffiths ប្រធាន​​ផ្នែក​ប្រតិបត្តិការ​មនុស្សធម៌ នៃ អ.ស.ប. ​។
លោក Martin Griffiths ប្រធាន​​ផ្នែក​ប្រតិបត្តិការ​មនុស្សធម៌ នៃ អ.ស.ប. ​។ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

មូលនិធិ​ជំនួយ​មនុស្ស​ធម៌ ឆ្នាំ២០២៤ គឺ​ដើម្បី​ផ្តល់​ដល់​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស ចំនួន​​ ៧២។​ ក្នុងនោះ ២៦ ជារដ្ឋដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដូចជា​ សង្គ្រាម ជម្លោះប្រដាប់អាវុធ​ ហើយនិង ​៤៦ ទៀត គឺប្រទេស​កំពុងជួប​​បញ្ហា រងការ​លំបាក ​ដូចជា វិបត្តិ​ជន​ភៀសខ្លួន,​ ភៀសខ្លួន​ព្រោះតែវិបត្តិប្រែប្រួលអាកាសធាតុ និង​រង​គ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ​ ជាដើម។

អ.ស.ប. លម្អិត​ថានឹង​ផ្តល់​ជំនួយជា​ចម្បងទៅដល់ ប្រទេស​ស៊ីរី ៤,៤ ពាន់លានដុល្លារ, ផ្តល់​ជំនួយ​ទៅ​ប្រទេស​អ៊ុយក្រែន ៣,១ ពាន់​លាន​ដុល្លារ​, ជួយ​ទៅ អាហ្វហ្កានីស្ថាន  ៣ ពាន់លាន​ដុល្លារ, អេត្យូពី ២,៩ ពាន់លាន​ដុល្លារ, ហើយនិង​ យេម៉ែន ២,៨ ពាន់លាន​ដុល្លារ។ នេះបើតាម​លោក Martin Griffiths ប្រធាន​​ផ្នែក​ប្រតិបត្តិការ​មនុស្សធម៌ នៃ អ.ស.ប. ​គូស​បង្ហាញក្នុង​សេចក្តី​ប្រកាស​ស្វែង​រក​ជំនួយ ឆ្នាំ២០២៤ ចុះផ្សាយ​ថ្ងៃច័ន្ទ ទី១០ធ្នូ ។

អ.ស.ប. ​ក៏​លើកឡើងអំពីប្រទេស​រងគ្រោះ​ខ្លាំងព្រោះតែ​ការប្រែប្រួល​អាកាសធាតុ។ ភាគច្រើន​ ការប៉ះពាល់​​​​ជា​ដំបូង​បំផុត​ គឺ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អាហ្វ្រិក​ខាង​ត្បូង ដែល​ត្រូវ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ចំនួន ១៣,៩ ពាន់​លាន​ដុល្លារ សម្រាប់ប្រតិបត្តិការ​ជួយ​សង្គ្រោះ។​

នៅក្នុង​សេចក្តីប្រកាស​ស្វែងរក​ជំនួយ​ គឺ អ.ស.ប. ក៏បង្ហាញ​អំពី​ការ​ព្យាករប្រមើលឃើញថា ក្នុង​នៅឆ្នាំ២០២៤ គឺ​អាចនឹងមានមនុស្ស ប្រមាណ ៣០០ លាននាក់ ត្រូវការជំនួយសង្គ្រោះ ។ ប៉ុន្តែ អ.ស.ប. ថានឹងមានកញ្ចប់ថវិកាសម្រាប់ជួយតែ ១៨០,៥លាននាក់​ប៉ុណ្ណោះ សល់​ពីនោះ គឺជនរងគ្រោះ​អាច​នឹង​ទទួល​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ផ្សេងទៀត ហើយ​និង​ជំនួយ​របស់​រដ្ឋាភិបាល​គេនីមួយៗ។​

តាមរបាយការណ៍ គឺក្នុង​ឆ្នាំ​២០២៣​ អ.ស.ប. ទទួល​ជំនួយ​អំណោយ​មនុស្សធម៌​តិច​តួច​ជាង​ឆ្នាំណាៗ​ទាំងអស់។ ពោល​គឺ​ឆ្នាំ​២០២៣​  អ.ស.ប. បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​ទំហំ​ទឹកប្រាក់​ ៥៦,៧ ពាន់លាន​ដុល្លារ ប៉ុន្តែ ទទួល​បាន​តែ​ ៣៥% តែប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ​  អ.ស.ប សើរើមើលឡើងវិញ​ពី​ការ​ស្វែង​រក​មូលនិធិ​ជំនួយ​នានា ហើយ​និង​ថ្លឹង​ថ្លែង​ជ្រើសរើស​ប្រទេស​ឬ​តំបន់​ណាដែល​ត្រូវ​ការ​ចាំបាច់ខ្លាំង និង​បន្ទាន់​ជាងគេ ដើម្បីជួយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ