អានតួអត្ថបទ
រថយន្ត-បរិស្ថាន

Nissan សន្យា​ផលិត​​រថយន្ត​អគ្គិសនី ឲ្យ​បាន​​៥០% ពីនេះ​ដល់ឆ្នាំ​​២០៣០

ក្រុមហ៊ុន​ផលិត​រថយន្តជប៉ុននីសាន់ បានអះអាងអាងនៅថ្ងៃទី​២៩វិច្ឆិកានេះថា ខ្លួននឹងសម្រេច​ឲ្យ​បាន​កម្មវត្ថុ ផលិត​រថយន្តអគ្គិសនី ឲ្យ​បាន​៥០% ពីនេះ រហូតដល់ឆ្នាំ​២០៣០។ យោងតាមឯកសារយុទ្ធសាស្ត្រ​របស់ក្រុមហ៊ុននីសាន់ ពីនេះដល់ឆ្នាំ២០៣០ ក្រុមហ៊ុននឹង​ផលិត​រថយន្ត យ៉ាងហោច ២៣ម៉ូដែលថ្មី ដែលដើរដោយ​ចរន្តអគ្គិសនី។

លោកអគ្គនាយកក្រុមហ៊ុន Nissan Makoto Uchida (ស្តាំ) និងលោក​ Ashwani Gupta ប្រធានប្រតិបត្តិ​ ឈរថតក្បែររថយន្តថ្មីម៉ូដែល Chill-Out ថ្ងៃទី ២៧ វិច្ឆិកា ២០២១
លោកអគ្គនាយកក្រុមហ៊ុន Nissan Makoto Uchida (ស្តាំ) និងលោក​ Ashwani Gupta ប្រធានប្រតិបត្តិ​ ឈរថតក្បែររថយន្តថ្មីម៉ូដែល Chill-Out ថ្ងៃទី ២៧ វិច្ឆិកា ២០២១ © Nissan Motor Co. via AP)
ផ្សាយពាណិជ្ជកម្ម

នីសាន់ (Nissan) ធ្លាប់ជាក្រុមហ៊ុន​ ដែលបាន​នាំមុខគេ ក្នុងការចាប់ផ្តើមផលិត​រថយន្ត ដើរដោយ​ចរន្តអគ្គិសនី ជាមួយនឹងរថយន្តមូដែល Leaf ចេញនៅឆ្នាំ​២០១០។ ក៏ប៉ុន្តែក្រោយ​មក នីសាន់ ត្រូវបានក្រុម​ហ៊ុន​ផ្សេងៗ ដូចជា តេសឡា ជាដើមវ៉ាលឿនដាច់ទៅមុខ។

ដោយសហការជាមួយ​ក្រុមហ៊ុនផលិតរថយន្តបារាំង Renault ក្រុមហ៊ុននីសាន់ សន្យាថា នៅរវាងឆ្នាំ២០៣០ ខ្លួននឹងផលិត​រថយន្តដើរដោយចរន្តអគ្គិសនី ចំនួន​៥០% នៃទំហំផលិតរបស់ខ្លួន។ សម្រាប់ទីផ្សារជប៉ុនវិញ តួលេខនេះ នឹងមានចំនួន ៥៥% ហើយ​នៅទីផ្សារចិន នឹងមានចំនួន​៤០%។ ក្នុងចំណោមរថយន្តម៉ូដែលថ្មី ដើរដោយ​ចរន្តអគ្គិសនី ចំនួន២៣ម៉ូដែល ដែលនីសាន់ និង​ផលិត គឺមាន​ ១៥ម៉ូដែល ជាម៉ូដែលអគ្គិសនី១០០%។

យោងតាម​ឯកសារយុទ្ធសាស្ត្រ របស់នីសាន់ ចេញផ្សាយ​នៅ​ថ្ងៃទី២៩វិច្ឆិកា គឺនីសាន់ គ្រោងនឹងស្រវាក្តោមឲ្យ​បាន ៧៤%នៃការលក់រថយន្តអគ្គិសនីនៅអឺរ៉ុប នៅរវាង​ឆ្នាំ​២០២៦-២៧។ លោក Makoto Uchida អគ្គនាយកនីសាន់ បានលើកឡើងទស្សនវិស័យនេះ គឺជាទស្សនវិស័យដ៏ក្លាហាន ដែល​វិបត្តិអាកាសធាតុបានដាក់កំហិត ឲ្យ​ក្រុមហ៊ុនត្រូវបោះពួយ​ ប្រឹងប្រែងក្នុងវិស័យនេះ។ ដើម្បីពន្លឿន​សន្ទុះនេះ នីសាន់ និង​បន្ថែមថវិកាវិនិយោគ ឲ្យ​បាន​ប្រមាណ ២០០ម៉ឺនលានយ៉េន ដែលស្នើនឹង ១៥.៦ពាន់លានអឺរ៉ូ ក្នុងរវាង៥ឆ្នាំទៀត។

គួរកត់សំគាល់ថា ជាមួយនឹងវិធានការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ក្រុម​ហ៊ុន​ផលិតរថយន្តមួយចំនួន បានសន្យាបង្កើនភាគរយនៃការផលិតរថយន្ត ដើរដោយចរន្តអគ្គិសនី ហើយ​ក្រុមហ៊ុនខ្លះទៀត ដូចជា វ៉ុលវ៉ូ (Volvo) ជាដើម បានសន្យាថា នឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះប្រេង នៅចាប់ពីឆ្នាំ​២០៣០ទៅ។ ចំណែកក្រុមហ៊ុន Honda សន្យាថានឹងលក់តែរថយន្តអគ្គិសនីសុទ្ធតែម្តង ចាប់ពីឆ្នាំ​២០៤០ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ