អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាល​បន្ត​លើកលែង​ពន្ធ​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ចំនួន៣

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បន្ត​លើកលែង​ពន្ធ​រយៈពេល​៣ខែ​ទៅ​មុខ​ទៀត​ដល់​វិស័យ​ទេសចរណ៍​នៅខេត្ត​ចំនួន​ដែល​មាន​សក្តានុពល​ក្នុងការទទួល​ភ្ញៀវអន្តរជាតិ។ អ្នកធ្វើ​ការខាង​វិស័យទេសចរណ៍បាន​សាទរ​ចំពោះ​ការ​សម្រេចនេះ តែថាការ​លើក​លែង​ពន្ធនេះ​ហាក់​ដូច​ជា​មិន​មាន​តម្លាភាព​សម្រាប់​ខេត្ត​ផ្សេង​ទៀត។ 

វត្តមានភ្ញៀវជាតិនិងអន្តរជាតិនៅមុខប្រាសាទអង្គរវត្ត
វត្តមានភ្ញៀវជាតិនិងអន្តរជាតិនៅមុខប្រាសាទអង្គរវត្ត © Internet
ផ្សាយពាណិជ្ជកម្ម

ខេត្តចំនួន៣​ដែល​ទទួល​បាន​ការ​លើកលែង​ពន្ធ​គ្រប់​ប្រភេទ​ចាប់ពី​ខែ​កក្កដា​រហូត​ដល់​ខែ​កញ្ញាខាងមុខ​គឺមានខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ចំពោះ​អាជីវកម្ម​ដែល​ត្រូវបាន​លើកលែង​ពន្ធ ​រួមមាន សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុនភ្នាក់ងារ​ទេសចរណ៍​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ។ ប៉ុន្តែ​អាជីវកម្ម​ទាំង​នេះ​នៅ​តែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាសពន្ធ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​អនឡាញសម្រាប់​គ្រង​គ្រង​អាករ​លើ​តម្លៃ​បន្ថែម​ជារៀង​រាល់​ខែ​ក្នុង​អំឡុងពេលនេះ។ នេះបើតាម​សេចក្តី​ណែនាំ​របស់​រដ្ឋា​ភិបាល​ចុះថ្ងៃ​ទី១៥​កក្កដា​២០២២។

លោកស្រី ឆាយ ស៊ីវលីន  ប្រធាន​​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​បានសាទរ​ចំពោះ​ការ​សម្រេច​នេះ​ ខណៈ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កំសាន្ត​នៅ​កម្ពុជា​នៅ​មាន​កម្រិត។ ប៉ុន្តែ​ពេល​សួរថា ហេតុ​អ្វី​ខេត្ត​ដទៃ​ទៀត​មិន​ត្រូវ​បាន​លើកលែង​ពន្ធ លោកស្រី​យល់​ថា មក​ពី​ខេត្ត​ទាំង​នោះ​មាន​ឱកាស​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ច្រើនដើម្បី​បន្ត​ដង្ហើមអាជីវកម្ម​របស់​ពួកគេ។

ប៉ុន្តែលោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​វិស័យ​ទេសចរណ៍ ​និង​សេវាកម្ម​កម្ពុជា ចាត់ទុក​ការ​សម្រេច​លើក​លែង ពន្ធ​តែខេត្ត៣​នេះ​គឺធ្វើ​ឡើង​មិនមានតម្លាភាពទេ ខណៈ​ខេត្តផ្សេងទៀត​ក៏រង​ផល​ប៉ះពាល់​ពីវិបត្តិ​កូវីដ១៩ ដែល​ធ្វើ​ឲ្យ​អាជីវកម្មទេសចរណ៍​មួយ​ចំនួន​បាន​ដួល​រលំ​ទៅ​ហើយ។

សម្រាប់​លោក ម៉ម រិទ្ធី ការ​លើកលែង​ពន្ធ​បែប​នេះ បើ​នៅ​តែ​បន្ត​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋ​ជួបវិបត្តិ​សេដ្ឋកិច្ច ហើយ​ថា​គួរ​តែ​រកវិធី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​វិញ​ដូច​ប្រទេស​ជិត​ខាង។

បើ​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ចំនួន ៨.៩៥​លាន​ដុល្លារ​អាមេរិក លើការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ១ខែ៤០ដុល្លារ​ សម្រាប់​បុគ្គលិក ២៣ ០១០នាក់ ដែល​បាន​ព្យួរ​ការងារ​ក្នុង​វិស័យ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ