អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន បញ្ជា​អាជ្ញាធរ​​ត្រៀម​បង្រ្កាប​ការតវ៉ាខណៈ​ក្រុម​អ្នក​តវ៉ា​ណាហ្គា​គ្រោង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ

រដ្ឋាភិបាលកម្ពុជា ឆ្លង​កាត់​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃ​សុក្រ បាន​ប្រាប់​ដល់​អាជ្ញាធរ​រាជធានី-ខេត្ត ឲ្យ​ត្រៀមចាត់​វិធានការ ចំពោះ​ការ​ប្រមូល​ផ្តុំ​តវ៉ា ដោយ​ខុស​ច្បាប់។ ការ​ណែនាំ​បែប​នេះ ជួន​ចំពេល​ដែល ក្រុម​អ្នក​តវ៉ាណាហ្គាវើល​ដ៍​គ្រោងធ្វើ​កូដ​កម្ម​ទ្រង់ទ្រាយ​ធំ ក្រោយ​មិនមាន​ដំណោះ​ស្រាយ​អ្វី​ជា​ដុំ​កំ​ភួន។ 

នយោជិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍នាពេលកន្លងមក
នយោជិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍នាពេលកន្លងមក © Internet
ផ្សាយពាណិជ្ជកម្ម

តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មាន​សមត្ថកិច្ច កង​កម្លាំង​ប្រដាប់​អាវុធ រាជធានី-ខេត្តទាំងអស់ ត្រូវ​ចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​គ្រប់​បុគ្គល ឬ​ក្រុម​តវ៉ា​ណា ដែល​បង្ក​ភាព​អនាធិបតេយ្យ​លើ​ដង​ផ្លូវ តាម​រយៈ​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ធ្វើបាតុកម្ម បិទ​ផ្លូវ​សាធារណៈ​ដោយ​ខុស​ច្បាប់។

ការ​បង្គាប់​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន យ៉ាង​ដូច្នេះ ត្រូវ​បាន​សហជីព និង​សង្គម​ស៊ីវិល សម្តែងនូវ​ក្តី​ព្រួយ​បារម្ភ ចំពោះ​សិទ្ធិ​សេរីភាព​របស់​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី ជា​ពិសេស​ករណី​វិវាទ​ការងារ​ណាហ្គាវើលដ៍ ដែលកំពុង​អូស​បន្លាយ​យ៉ាង​រ៉ាំ​រ៉ៃ។

កញ្ញា ឈឹម ស៊ីថរ សហជីព​តំណាង​កម្មករ​ណាហ្គាវើលដ៍ លើកឡើងថា បើ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បែប​នេះ នឹងរំលោភ​សិទ្ធិ​ក្រុម​អ្នក​តវ៉ា​កាន់​តែ​ខ្លាំង ខណៈ​ដែល​កន្លង​មក​ក្រុម​អ្នកត​វ៉ា តែង​តែ​រង​ការ​បង្រ្កាប​ពី​អាជ្ញាធរ។ បើ​តាម​សហជីព​រូប​នេះ គឺ​ខាង​កម្លាំង​សមត្ថកិច្ច​តែងតែ​រារាំង មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ប្រមូល​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទើប​ក្រុម​អ្នកតវ៉ា​ត្រូវ​បង្ខំ​ចិត្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ នៅ​តាម​ដង​ផ្លូវ។

លោក សឹង សែនករុណា អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់​ឃើញ​ថា ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ មិន​ដែល​ជ្រើស​យក​វិធាន​ការ​បែប​ហ្នឹង តែ​គួរ​ណាស់ ជួយ​សម្រប​សម្រួល ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ នៅពេល​ដែល​ក្រុម​កូដករ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ លោកថា អ្វី​ដែល​រដ្ឋាភិបាល​គួរ​តែ​អំពាវនាវ កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច ឬ​ការបង្រ្កាប​ទៅ​លើ​ក្រុម​កូដករ ដែល​ពួកគេ​ទាមទារ​អ្វី​មួយ​នោះ។

ការ​ដាក់​ចេញ​បញ្ជា​បែប​នេះ លោក សឹង សែនករុណា បាន​បង្ហាញ​ក្តី​បារម្ភ​ព្រួយបារម្ភ​ថ្មី សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំពោះ​ក្រុម​កូដករ​ណាហ្គាវើលដ៍ ដែល​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ ជុំវិញ​វិវាទ​ការងារ​ដ៏រ៉ាំរ៉ៃ។

គួរបញ្ជាក់ថា ក្រុមអង្គការ​មួយ​ចំនួន បាន​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​ក្រុម​កម្មករ​តវ៉ា ដោយ​អាន​នូវ​លិខិត​ចំហ​មួយ ទទូច​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​វិធានការ​ដោះស្រាយ​វិវាទការងារ​របស់​ក្រុម​កម្មករ។ លិខិតចំហ​ដែល​មាន​ការចូល​រួម​ពីសង្គមស៊ីវិល​៤០​ស្ថាប័ន លើក​ឡើង​ថា ការ​ពន្យាពេល​មិន​ដោះស្រាយ​វិវាទការងារ​នេះ គឺជា​ចេតនា​បំបាក់​ស្មារតី និង​ដាក់សម្ពាធ​សេដ្ឋកិច្ច​ដល់​កូដករ ឲ្យ​ឈាន​ទៅ​បញ្ចប់​ការតវ៉ា។ ក្រុម​អង្គការ​សង្គមស៊ីវិល បញ្ជាក់ថា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ ពួកគេ​នឹង​ចូលរួម​ធ្វើ​កូដ​កម្មជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ