អានតួអត្ថបទ

អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក បើកប្រជុំ​ជជែក​សំណុំ​រឿង​ពីរ​ដ៏តឹងតែង

ការ​ឧបត្ថម្ភធន​សម្រាប់​វិស័យ​នេសាទ និង ការ​បើ​កផ្លូវអនុញ្ញា​ត​​ឲ្យ​លើកលែង​កម្មសិទ្ធិបញ្ញា​រយៈ​ពេល​ខ្លី សម្រាប់ការ​ផលិត​ថ្នាំបង្ការកូវីដ​១៩ គឺជា​សំណុំរឿងពីរដ៏តឹងតែង ដែល​​អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបើកប្រជុំជជែកគ្នា​​។ ​​ប្រធានបទយ៉ាង​តឹងតែងពីរនេះ ​ដែល​ប្រទេស​​ចំនួន​ ១៦៤ ​ ត្រូវ​ជជែក​ពិភាក្សានិង​ចរចា​គ្នា​ នៅទីក្រុង ហ្សឺណែវ ចាប់ពីថ្ងៃអាទិត្យ​ ទី​១២​​ រហូត​ដល់​ថ្ងៃទី​១៥ មិថុនា។ នេះគឺ​​ជា​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីពាណិជ្ជកម្ម​ ដែល អង្គការពាណិជ្ជកម្មពិភពលោក រៀបចំ​​ធ្វើ រយៈ​ពេល​៤ឆ្នាំម្តង​។​​ ​

ការ​ឧបត្ថម្ភធន​សម្រាប់​វិស័យ​នេសាទ និង ការ​បើ​កផ្លូវអនុញ្ញា​ត​​ឲ្យ​លើកលែង​កម្មសិទ្ធិបញ្ញា​រយៈ​ពេល​ខ្លី សម្រាប់ការ​ផលិត​ថ្នាំបង្ការកូវីដ​១៩ គឺជា​សំណុំរឿងពីរដ៏តឹងតែង ដែល​​អង្គការពាណិជ្ជកម្មពិភពលោក OMC ត្រូវបើកប្រជុំជជែកគ្នា​​។
ការ​ឧបត្ថម្ភធន​សម្រាប់​វិស័យ​នេសាទ និង ការ​បើ​កផ្លូវអនុញ្ញា​ត​​ឲ្យ​លើកលែង​កម្មសិទ្ធិបញ្ញា​រយៈ​ពេល​ខ្លី សម្រាប់ការ​ផលិត​ថ្នាំបង្ការកូវីដ​១៩ គឺជា​សំណុំរឿងពីរដ៏តឹងតែង ដែល​​អង្គការពាណិជ្ជកម្មពិភពលោក OMC ត្រូវបើកប្រជុំជជែកគ្នា​​។ REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​រស៊ើប​ទី១ គឺ​ការ​ស្នើសុំផ្អាក​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ​ចំពោះ​ការ​ផលិតថ្នាំបង្ការកូវីដ១៩ ដើម្បី អាច​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឱសថណា ឬប្រទេសណា​ក៏អាច​ផលិត​បា​ន ដោយ​ផ្អែក​ទៅលើ​រូបមន្ត​ដែល​បាន​រក​ឃើញ​រួច​ស្រេច​ហើយ​។

ប្រឈម​នឹង​វិបត្តិ​ជំងឺសកល​ដ៏​ធ្ងន់ធ្ងរ ជា​ច្រើន​ខែឆ្នាំម​កនេះ ប្រទេស​ក្រីក្រ​ស្នើសុំ​ឲ្យ​លើកលែង​រយៈពេល​ខ្លី ចំពោះ​ការ​អនុវត្ត​ច្បាប់​ស្តីពី​កម្មសិទ្ធិ​​បញ្ញា សម្រាប់​វ៉ាក់សាំង​​ប្រឆាំងកូវីដ និង​គ្រឿង​បរិក្ខារផលិត​ថ្នាំនេះ រួម​ទាំង​ថ្នាំពេទ្យ​ផ្សេងទៀត ដែល​សម្រាប់​ព្យាបាលជំងឺ​​កូវីដ។ ជា​សំណើ​ដែល​ធ្វើ​ស្នើ​ដោយ​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង ហើយ ​រឿងនេះ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ក៏បាន​ជជែក​គ្នា​ខ្លះ​ៗ​រួច​មកហើយ ប៉ុន្តែ មិនទាន់​អាច​រក​ច្រក​ចេញបាន។

បើ​តាម​​សំណុំ​អត្ថបទ​ដែល​រដ្ឋមន្ត្រីពាណិជ្ជកម្ម​ត្រូវ​ជជែក​គ្នា​នោះ គឺ​ការសុំផ្អាកការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាជុំវិញការ​​ផលិតថ្នាំបង្ការកូវីដ១៩នេះ គឺលើកលែង​​សម្រាប់​តែ​ប្រទេស​ក្រីក្រី និង​ប្រទេស​កំពុង​អភិវឌ្ឍ​តែប៉ុណ្ណោះ ហើយ​ករណី​នេះ ពុំ​មាន​លើកលែង​​ចំពោះ ប្រទេស ចិន ឡើយ។​ ទោះបីជា​​យ៉ាងនេះក្តី សំណុំ​រឿង​នេះ ត្រូវ​ក្រុ​មហ៊ុន​ឧស្សាហកម្ម​ឱសថធំៗ ​បាន​ច្រាន​ចោល ព្រោះ​វា​ទាក់ទង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន។ ដូច្នេះហើយ បាន​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាច្រើន បាន​យល់ថា ការ​ជជែក​គ្នា​ពីរឿង​នេះ ប្រហែល​ជា​មិនបាន​ទៅវែង​ឆ្ងាយ​នោះទេ។

ប្រធាបទ​មួយ​ទៀត គឺ​ការ​នេសាទ។ ការ​នេសាទ នៅទូទាំង​ពិភពលោក​​ នារយៈ​ពេល​២០ឆ្នាំចុងក្រោយ​នេះ គឺ​លើសកម្រិត​ខ្លាំង​ពេក​ ហើយ​វា​នាំឲ្យ​ខូច​ខាត​ដល់​ជីវៈចម្រុះ និង​ការ​ធានា​និរន្តរភាព​ពូជត្រី​។ ប្រទេស​សមាជិក​មួយ​ចំនួន របស់អង្គការពាណិជ្ជកម្មពិភពលោក បាន​លើកឡើង​ពីការ​ស្នើសុំ​ឲ្យ​បញ្ឈប់​ការ​ឧបត្ថម្ភ​ធន​ចំពោះវិស័យ​នេសាទ​ ដែល​អ្នក​ជំនាញ​ខ្លះ​យល់ថា វា​បាន​ធ្វើ​ឲ្យ​កើត​មាន​ការ​នេសាទច្រើន​ហួស​កម្រិត ហើយ​និង​ការ​នេសាទ​ខុស​ច្បាប់​ផង។  ​អ្នក​ជំនាញបាន​ព្រមាន​ហើយថា បើ​គេ​នៅ​តែ​រង់ចាំ​យូរទៀត គេ​នឹង​បាត់​បង់​ត្រី ហើយ​បើ​ត្រី​បាត់បង់ ជីវិត​មនុស្ស​នឹង​រងគ្រោះ​ដែរ។​

សំណុំ​រឿង​ពីរនេះ គឺ​ជាតេស្ត​សាកល្បង​សមត្ថភាពជាបន្ថែម​​​សម្រាប់​ អង្គការពាណិជ្ជកម្មពិភពលោក ខណៈ​ដែល​មាន​ប្រទេស​ធំៗ​ជាច្រើន កំពុងតែ​ចង់​ឲ្យ​​ ​អង្គការពាណិជ្ជកម្មពិភពលោក កែទម្រង់​ ជាច្រើន​វិស័យ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ