អានតួអត្ថបទ
សេដ្ឋកិច្ច-វិនិយោគ

អ.ស.ប.៖ ទំហំ​វិនិយោគ​ដោយ​ផ្ទាល់​ពី​​បរទេស ចាប់​ផ្តើមធ្លាក់​ចុះ​​ជាថ្មី នៅឆ្នាំ​២០២២

គិតចាប់ពីដើមឆ្នាំ​២០២២មក ទំហំនៃការវិនិយោគដោយ​ផ្ទាល់ពីបរទេស ទូទាំងពិភពលោក​ បានចាប់ផ្តើមធ្លាក់ចុះជាថ្មី នៅក្រោយ​វិបត្តិ​ជំងឺឆ្លងកូវី​ដ១៩បានធូរស្រាល។ នេះបើផ្អែកតាមរបាយការណ៍មួយ របស់គណកម្មការ​​ទទួលបន្ទុកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ។ វិបត្តិសង្គ្រាម​អ៊ុយក្រែន បានបង្កឲ្យ​មានវិបត្តិ​៣ផ្ទួនគ្នា ក្នុងពេលតែមួយ គឺវិបតិ្តស្បៀងអាហារ វិបត្តិថាមពល និង​វិបត្តិហិរញ្ញវត្ថុ ដែលកំពុង​ដាក់សំពាធយ៉ាងខ្លាំង ទៅលើ​ការវិនិយោគនានា។

កម្មករសំណង់ កំពុងធ្វើការនៅការដ្ឋានមួយ នៅ​ជាយក្រុងភ្នំពេញ​
កម្មករសំណង់ កំពុងធ្វើការនៅការដ្ឋានមួយ នៅ​ជាយក្រុងភ្នំពេញ​ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បរិយាកាសវិនិយោគអន្តរជាតិ នៅទូទាំងពិភពលោក បានផ្លាស់ប្តូរក្រឡាប់ចាក់ទាំងស្រុង ពីល្អមកជាអាក្រក់ បន្ទាប់ពី​សង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម”។ នេះគឺជាការលើកឡើង របស់​លោកស្រី Rebeca Grynspan អគ្គលេខាធិការ ​គណកម្មការ​ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ Cnuced នៅក្នុងរបាយការណ៍ចេញផ្សាយ​ថ្ងៃទី​៩មិថុនា។ លោកស្រីបានអះអាងថា ភាពមិនប្រាកដប្រជា មកប្រឈមហានិភ័យខ្ពស់ អាចនឹងដាក់សំពាធ មកលើសកម្មភាពនៃការវិនិយោគ​ដោយផ្ទាល់ពីបរទេស នៅក្នុងឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍ តួលេខបឋម​នៅត្រីមាសទី​១ដើមឆ្នាំ២០២២ បានបង្ហាញសញ្ញាណចុះខ្សោយ ចំនួន២១% នៃចំនួន​វិនិយោគថ្មី « Greenfield » ខណៈដែល​ ប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់គម្រោងបរទេស បានចុះថយចំនួន៤%។

គួររំលឹកថា ទំហំនៃការវិនិយោគដោយផ្ទាល់ពីបរទេស IDE នៅទូទាំងពិភពលោក បានធ្លាក់ចុះខ្លាំង ក្នុងឆ្នាំ​២០២០​ដោយសារ​តែវិបត្តិជំងឺឆ្លងកូវីដ​១៩។ តែនៅឆ្នាំ​២០២១ សន្ទុះនៃការវិនិយោគ បាន​កើនឡើងវិញ ជិតស្មើនៅពេល​មុន​មានកូវីដ ពោលគឺមានទឹកប្រាក់សរុបប្រមាណ ១៥៨០ពាន់លានដុល្លារ។ ក្នុងឆ្នាំ​២០២១ លំហូរមូលធន​វិនិយោគ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ បានកើនឡើងចំនួន​៣០% ក្នុងទំហំទឹកប្រាក់សរុប ចំនួន ៨៣៧ពាន់លានដុល្លារ។ នេះគឺជាទំហំវិនិយោគ កើនឡើងខ្ពស់មិនធ្លាប់មាន ជាពិសេសនៅតំបន់អាស៊ី។

ដោយឡែក ស្រាប់ទៅនៅ​ដើមឆ្នាំ​២០២២ ក្រោយសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ការវិនិយោគដោយ​ផ្ទាល់ពីបរទេស បាន​ធ្លាក់ចុះថយ ជាបន្តបន្ទាប់។ សង្រ្គាមនៅអ៊ុយក្រែន បានបង្កឲ្យ​មានវិបត្តិ៣ផ្ទួន​ៗគ្នា គឺវិបត្តិតម្លៃស្បៀងអាហារ វិបត្តិតម្លៃថាមពល​ និង​វិបត្តិ​ហិរញ្ញវត្ថុ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​លើកឡើងថា ពិតជាមានហានិភ័យ ទាក់ទិននឹង​សន្ទុះនៃការវិនិយោគអន្តរជាតិ​។ បញ្ហានេះ អាចនឹងជាឧបសគ្គ ដល់ផែនការវិនិយោគថ្មីៗ ក្នុងវិស័យ​ការអភិវឌ្ឍន៍​ប្រកបដោយចីរភាព ដែលជាការវិនិយោគដ៏ចាំបាច់ ដើម្បីចូលរួមដោះស្រាយ​វិបត្តិអាកាសធាតុ។ គឺបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងការប៉ះពាល់ច្រើនជាងគេ ដោយការចុះថយ នៃទំហំវិនិយោគបរទេស​ដោយ​ផ្ទាល់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ