អានតួអត្ថបទ
ប្រេងកាត

ក្រុមប្រទេសផលិតប្រេង សម្រេចបន្ថែមការផលិត​ តែក្នុងចំនួន​ស្ដួចស្តើងបំផុត ព្រោះបារម្ភពីសេដ្ឋកិច្ចចិន

ក្រុមប្រទេសផលិតប្រេង បានជួបប្រជុំគ្នា កាលពីថ្ងៃព្រសហ្បតិ៍ ទី​៥មេសា ដើម្បី​សម្រេច​ដំឡើងការផលិត​ប្រេង​ បំពេញតម្រូវការពិភពលោក។ ប្រទេសផលិត​ប្រេង​ បានសម្រេចដំឡើងការផលិត តែក្នុងចំនួន​មួយតិចតួចបំផុត បើទោះបីជាមានមតិដង្ហើយ​ហៅ ឲ្យ​ប្រទេសទាំងនេះ បន្ថែមចំនួន​ស្តុក​ឲ្យ​ច្រើន ដើម្បីទាញតម្លៃប្រេងឲ្យធ្លាក់ចុះមកវិញក៏ដោយ​។ បើតាមការវិភាគ គឺក្រុមប្រទេសផលិត​ប្រេង មានការប្រុងប្រយ័ត្នខ្លាំង ទាក់ទិននឹង​សេដ្ឋកិច្ចចិន ដែល​​កំពុងតែ​​រាំងស្ទះ រអាក់រអួលដោយសារតែការឆ្លងរាលដាលកូវីដ១៩។

ទីស្នាក់ការ​ អង្គការក្រុមប្រទេសផលិត​ប្រេងនាំចេញ (OPEC / OPEP) នៅទីក្រុងវីយែន ប្រទេសអូទ្រីស
ទីស្នាក់ការ​ អង្គការក្រុមប្រទេសផលិត​ប្រេងនាំចេញ (OPEC / OPEP) នៅទីក្រុងវីយែន ប្រទេសអូទ្រីស AP - Lisa Leutner
ផ្សាយពាណិជ្ជកម្ម

ប្រទេសផលិតប្រេង​ទាំង ១៣ ដែលជាសមាជិក​ OPEP រួមជាមួយ​ប្រទេសដៃគូ OPEP +  បាន​សម្រេចថា នឹងដំឡើង ការផលិត​ឲ្យ​បានសរុប ចំនួន ៤៣២០០០ធុងបារីល ក្នុងមួយថ្ងៃ នៅក្នុងខែមិថុនាខាងមុខ។ នេះគឺជាការដំឡើងការផលិត​ ដែលស្តួចស្តើងបំផុត ខណៈដែល​ទីផ្សារប្រេង កំពុងរំជើបរំជួលខ្លាំង ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ហើយដែលធ្វើឲ្យ​ប្រេងឡើងថ្លៃ។

គួរកត់សំគាល់ថា តម្លៃប្រេងបាន​បន្តឡើងថ្លៃ បន្ទាប់ពីសហភាពអឺរ៉ុប បាន​ប្រកាសអំពីវិធានការទណ្ឌកម្មលើកទី​៦ ទៅលើរុស្ស៊ី។ ពីនេះដល់ដាច់ឆ្នាំ​២០២២ អឺរ៉ុបនឹងឈប់ទិញប្រេងរបស់រុស្ស៊ីទាំងអស់ ទាំងប្រេងឆៅ ទាំងប្រេងចម្រាញ់ហើយ។ នៅម៉ោង១២ថ្ងៃព្រហស្បតិ៍ ទី​៥មេសា ប្រេងខ្មៅ​សមុទ្រខាងជើង បានឡើងដល់ ១១១,៨៦ ដុល្លារ ក្នុងមួយធុងបារីល ហើយ​ប្រេងឆៅ​ស្តង់ដាអាមេរិក WTI បានឡើងដល់ ១០៩,៩១ ដុល្លារ ក្នុងមួយធុងបារីល។

លោក Fawad Razaqzada អ្នកវិភាគទីផ្សារប្រេង នៅ City Index បាន​ឲ្យដឹងថា ក្រុមប្រទេសផលិតប្រេងនៅតែបន្ត ប្រុងប្រយ័ត្ន ដោយ​អនុវត្តវិធានការ​បង្កើនការផលិត ក្នុងកម្រិតតូច បន្តិចម្តងបន្តិចម្តង បើទោះបីជាបច្ចុប្បន្នប្រេងឡើងថ្លៃខ្លាំង ដោយសារតែទីផ្សារជ្រួលច្របល់ ខ្លាចគ្មានប្រេងក្នុងស្តុកក៏ដោយ។

ដោយឡែក លោក Ipek Ozkardeskaya អ្នកវិភាគនៅ Swissquote បានលើកឡើងថា សេដ្ឋកិច្ចចិន​ដែលកំពុង​រអាក់រអួលខ្លាំង ដោយសារតែវិធានការបិទខ្ទប់បង្ការការឆ្លងរាលដាលកូវីដ គឺជាហេតុផលមួយ ដែលធ្វើឲ្យ​ក្រុមប្រទេសផលិត​ប្រេងមានការប្រុងប្រយ័ត្ន។ បន្ថែមពីនេះទៀត មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ទម្លាក់ការកំណើនសេដ្ឋកិច្ចពិភពលោក ដោយសារតែបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ទំនិញឡើងថ្លៃ អតិផរណាខ្ពស់ ប៉ះពាល់ដល់ជីវភាព​ប្រជាជនជាទូទៅ។ ប្រការទាំងនេះ បានធ្វើឲ្យ​ ក្រុមប្រទេសផលិត​ប្រេង បារម្ភថាសេដ្ឋកិច្ចពិភពលោក អាចនឹងរាំងស្ទះ ធ្វើឲ្យ​តម្រូវការប្រេងចុះថយ នៅពេលខាងមុខ។

យ៉ាងណាក៏ដោយ លោក Stephen Innes អ្នកជំនាញ​ទីផ្សារប្រេង នៅ​ Spi Asset Management បាន​លើកឡើងថា ការប្រុងប្រយ័ត្នរបស់ក្រុមប្រទេសផលិត ក្នុងការដំឡើងការផលិតគឺវាជ្រុលហួសហេតុពេកហើយ។​ ការមិនព្រមបន្ថែមការផលិត​ឲ្យ​គ្រប់គ្រាន់ដើម្បីបង្គ្រប់តម្រូវការ គឺវាផ្ទុះពី​កម្មវត្ថុតួនាទីរបស់អង្គការក្រុមប្រទេសផលិតប្រេង OPEP ដែលតាម​និយមន័យគឺបង្កើតឡើងដើម្បី​ សម្រួល​ដោះស្រាយ​បញ្ហាតម្លៃប្រេងនេះឯង។ តែទន្ទឹមគ្នានេះ អ្នកជំនាញខ្លះលើកឡើងថា ប្រទេសផលិតប្រេងខ្លះ កុំថាឡើយដល់តែបន្ថែមការផលិត សូម្បីតែផលិត​ឲ្យគ្រប់កូតាបច្ចុប្បន្នគឺពិបាកណាស់ទៅហើយ ព្រោះគ្មានហេដ្ឋារចនាសម្ព័ន្ធផលិតគ្រប់គ្រាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ