អានតួអត្ថបទ
កូវីដ១៩-ប្រទេសក្រីក្រ

IFM៖ វិបត្តិ​បង្កឡើងដោយ​កូវីដ១៩ ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រទេស​ក្រីក្រ​កាន់តែដុនដាប ដល់ដាច់​ឆ្នាំ​២០២២

វិបត្តិជំងឺឆ្លងកូវីដ​១៩ នៅពាសពេញពិភពលោក កំពុងតែធ្វើ​ឲ្យ​ប្រទេសជាច្រើន មានសេដ្ឋកិច្ចដើរថយក្រោយ ហើយប្រទេសក្រីក្រវិញ មានជីវភាពកាន់តែដុនដាប។ នេះគឺជាការលើកឡើង របស់​លោកស្រីអគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ នៅក្នុងកិច្ចប្រជុំជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសសេដ្ឋកិច្ចនាំមុខG20។ លោក​ស្រី​បានបន្ថែមថា បញ្ហាអសមភាព ក្នុងការទទួលបាន​ វ៉ាក់សាំង គឺជាមូលហេតុចំបងមួយ ដែល​ធ្វើ​ឲ្យ​មានគំលាតគ្នា កាន់តែខ្លាំងរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។​

បុរសចំណាស់ម្នាក់ កំពុងស្វែងរកចំណីអាហារនៅក្នុងធុងសម្រាម នៅ​ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ថ្ងៃទី ១ តុលា ២០២០
បុរសចំណាស់ម្នាក់ កំពុងស្វែងរកចំណីអាហារនៅក្នុងធុងសម្រាម នៅ​ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ថ្ងៃទី ១ តុលា ២០២០ AP - Bernat Armangue
ផ្សាយពាណិជ្ជកម្ម

ពីនេះដល់ចុងឆ្នាំ​២០២២ ចំណូលរបស់​ប្រជាជនម្នាក់ៗ នៅតាម​ប្រទេស​ដែលមាន​សេដ្ឋកិច្ចនាំមុខ អាចនឹងថយចុះ ចំនួន​១៣%។ ប៉ុន្តែ​នៅតាម​ប្រទេសកំពុង​អភិវឌ្ឍន៍វិញ គឺចំណូលរបស់​ប្រជាជនម្នាក់ៗ នឹងថយចុះដល់ទៅ​២២% នៅដំណាច់ឆ្នាំ​២០២២។ តួលេខនេះ គឺមិនរាប់បញ្ចូលប្រទេសចិនទេ។ នេះ គឺជាការលើកឡើង របស់​លោកស្រី Kristalina Georgieva អគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ (IFM/FMI)។

លោកស្រី បានបន្ថែមថា ផលវិបាកដោយ​ផ្ទាល់ បណ្តាលមកពី​វិបត្តិ​សេដ្ឋកិច្ចនេះ គឺ​ ប្រជាជនជាច្រើនលាននាក់នៅតាមប្រទេសក្រីក្រ និងប្រទេសកំពុង​អភិវឌ្ឍន៍ នឹងត្រូវធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាកបំផុត។ មានប្រទេសចំនួន​៥២ ដែលអាចនឹងងើបផុតពីវិបត្តិ ហើយមានសេដ្ឋកិច្ច​ប្រសើរឡើងវិញ ខណៈដែលប្រទេសចំនួន​យ៉ាងហោច៥៨ផ្សេងទៀត នឹងមានសេដ្ឋកិច្ចដើរយឺតបំផុត ពីនេះដល់ចុងឆ្នាំ​២០២២។

លោកស្រីអគ្គនាយកមូលនិធិរូបបិយវត្ថុអន្តរជាតិ បាន​ទទួលស្គាល់ថា ការបែកចែងនិងទទួលបាន​វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដែលគ្មានសមភាព គឺវាជា​មូលហេតុមួយ ដែលរុញច្រានប្រទេសក្រីក្រ ឲ្យ​កាន់តែលំបាក។ យោងតាមការសន្និុដ្ឋាន ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ គឺត្រូវរងចាំដល់ដាច់ឆ្នាំ២០២២ ឬយូរជាងនេះផង ទំរាំអាចមានលទ្ធភាព​ចាក់វ៉ាក់សាំង ឲ្យ​បានទូលំទូលាយ​។​ ប្រទេស​ខ្លះ មានសេដ្ឋកិច្ច​រំពឹងខ្លាំង ទៅលើ​វិស័យទេសចរណ៍ ឬវិស័យ​នាំចេញប្រេងជាដើម គឺត្រូវ​រង​ផលលំបាកខ្លាំងបំផុត ក្នុងអំឡុងពេលនេះ ព្រោះពួកគេគ្មានថវិកា ត្រៀមបំរុងគ្រប់គ្រាន់ក្នុងការចំណាយ​ទេ។

ក្រៅពី​បញ្ហាគំលាតគ្នារវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រនេះ លោកស្រី Kristalina Georgieva បានលើកឡើងថា គំលាតគ្នាក៏មានកាន់តែខ្លាំងផងដែរ រវាងប្រជាជនអ្នកមាន និងអ្នកក្រ នៅក្នុងប្រទេសនីមួយៗ។ ពលករ កម្មករ បុគ្គលិកដែល​គ្មាន​សមត្ថភាព​ធំដុំ និងអ្នកលក់ដូរតូចតាចជាដើម គឺជាអ្នកប្រឈមខ្លាំងបំផុត និង​ការ​បាត់បង់ប្រាក់ចំណូល ឬការងារ។

នៅក្នុងបរិបទនេះ លោកស្រីអគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ បាន​សំណូមពរ ឲ្យ​ប្រទេសទាំងអស់ ត្រូវប្រឹងប្រែង ពន្លឿនការ​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩។ ប្រទេសអ្នកមានត្រូវចូលរួម ជួយ​ប្រទេសងាយរងគ្រោះ តាមរយៈការបែងចែកវ៉ាក់សាំង និង​ការ​ផ្តល់ជាជំនួយហិរញ្ញវត្ថុ លុបចោលបំណុល និងការប្រាក់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ