អានតួអត្ថបទ
សេដ្ឋកិច្ច-ពាណិជ្ជកម្ម

WTO/OMC៖ ​សកម្មភាព​ពាណិជ្ជកម្ម​ ឆ្នាំ​២០២១ មាន​កំណើន​លើស​ពី​ការ​រំពឹងទុក

អង្គការពាណិជ្ជកម្មពិភពលោក បាន​បង្ហាញតួលេខព្យាករណ៍ថ្មី ស្តីពីកំណើននៃសកម្មពាណិជ្ជកម្ម ទូទាំងពិភពលោក សម្រាប់ឆ្នាំ​២០២១។ ជាកំណើនដែល​អាចមានដល់ទៅ ១០.៨% ពោលគឺវា​លើសពីការរំពឹង​ទុក កាលពីពេលមុន។ អង្គការពាណិជ្ជកម្មពិភពលោក នេះបានថ្លែងអបអរ ចំពោះការស្ទុះឡើងនៃពាណិជ្ជកម្ម​សម្រាប់ប្រទេសមួយចំនួន តែទន្ទឹមនឹងនេះ អង្គការនេះក៏បានក្រើនរំលឹកផងដែរ អំពីល្បឿនចុះខ្សោយ​ខ្លាំង នៅតាមប្រទេសផ្សេងទៀត ខណៈដែលពួកគេកំពងឆ្លងកាត់វិបត្តិកូវីដ យ៉ាងលំបាក​លំបិន។

សង្វាក់ផលិតកម្ម និងការនាំចេញរបស់ចិន មានសន្ទុះខ្លាំងនៅឆ្នាំ​២០២១ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀត បន្តឆ្លងកាត់វិបត្តិកូវីដ​១៩
សង្វាក់ផលិតកម្ម និងការនាំចេញរបស់ចិន មានសន្ទុះខ្លាំងនៅឆ្នាំ​២០២១ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀត បន្តឆ្លងកាត់វិបត្តិកូវីដ​១៩ AP
ផ្សាយពាណិជ្ជកម្ម

កាលពីខែមីនា​ អង្គការពាណិជ្ជកម្ម​ពិភពលោក បានគិតរំពឹងថា កំណើនពាណិជ្ជកម្មនៅឆ្នាំ​២០២១ អាចមានកម្រឹតត្រឹម៨%។ តែដោយសង្កេតឃើញ របត់នៃការស្ទុះឡើងវិញនៃសកម្មភាព​សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន អង្គការនេះបាន​កែប្រែតួលេខព្យាករណ៍ ដោយប៉ាន់ស្មានថា ក្នុងឆ្នាំ​២០២១នេះ ពាណិជ្ជកម្ម​ពិភព​លោក ​អាចនឹងមានកំណើត ប្រហែល ១០.៨%។ ចំណែកនៅឆ្នាំ​ ២០២២វិញ កំណើនអាចមាន​ប្រមាណ​ជា​៤.៧%។

កម្រិតកើនឡើងខ្លាំង នៃសកម្មភាពនាំចេញនាំចូល នៅទូទាំងពិភពលោក ក្នុង​ឆ្នាំ​២០២១នេះ គឺ​ទីមួយដោយ​សារតែឆ្នាំ​២០២០​កន្លងទៅ វិស័យនេះបានធ្លាក់ចុះជាខ្លាំង ដោយសារតែបញ្ហាវិបត្តិកូវីដ​​១៩។ តែយ៉ាងណា មួយឆ្នាំក្រោយ​ សកម្មភាព​ផលិត​នាំចេញ និង​ការទិញប្រើប្រាស់ បានស្ទុះឡើងខ្លាំងវិញ ជាមួយ​នឹងការដកចេញ​វិធានការបិទខ្ទប់នានា អមដោយ​យុទ្ធនាការចាក់វ៉ាក់សាំងផង។ យោងតាមអ្នកជំនាញ របស់អង្គការពាណិជ្ជកម្មពិភពលោក កម្រិតនៃការកើនឡើងនេះ អាចចុះទាបមកវិញ ចាប់ពីឆ្នាំ​២០២២ទៅ វិលទៅរករបត់​កំណើន នៅមុនសម័យ​មាន​កូវីដ១៩។

ទន្ទឹមគ្នានេះដែរ អ្នកជំនាញ​បាន​លើកឡើងថា បើទោះបី​សន្ទុះនៃសង្វាក់​ផលិតកម្ម ការនាំចេញមាន​ការកើនឡើងគួរឲ្យសង្ឃឹមមែន តែនៅមាន​វិស័យខ្លះ ស្ថិតក្នុង​ភាពតានតឹងខ្លាំង ដោយសារតែ​ការផលិត​មិន​ទាន់គ្រប់តាមតម្រូវការ ជាក់ស្តែង​ដូចជា​​ក្នុង​វិស័យ​​ផលិត​ឧបករណ៍ សឺមីកុងឌុចទ័រ ដែលគេត្រូវការចាំបាច់សម្រាប់​ ផលិតរថយន្ត​អគ្គីសនី។

ជាងនេះទៀត អង្គការពាណិជ្ជកម្ម បានអះអាងថា សន្ទុះកំណើនពាណិជ្ជកម្មមានកម្រិតមិនស្មើគ្នាទេ រវាងប្រទេសទាំងអស់។ ជាក់ស្តែងតំបន់ដើមបូព៌ា តំបន់អាមេរិកខាងត្បូង និងទ្វីបអាហ្វ្រិក គឺមានសន្ទុះពាណិជ្ជកម្មខ្សោយបំផុត ទាំងការនាំចេញ និងការនាំចូល។

លោកស្រី Ngozi Okonjo-Iweala នាយិការអង្គការពាណិជ្ជកម្មពិភពលោក បាន​លើកឡើងថា អសមភាព នៃយុទ្ធនាការចាក់វ៉ាក់សាំង រវាង​ប្រទេសនីមួយៗ មិនបានជួយ​ដល់ការស្ទុះឡើងនៃវិស័យ​ពាណិជ្ជកម្មទេ។ ខណៈដែល​នៅពុំមាន​វ៉ាក់សាំងចាក់ជូន​ប្រជាពលរដ្ឋ ប្រទេសមួយចំនួន​ធំក៏កំពុងប្រឈមខ្លាំងណាស់ដែរ និងការឆ្លងរាលដាលមេរោគទំរង់បំប្លែងខ្លួនថ្មីទៀត ទៅថ្ងៃអនាគត។ លោកស្រីបន្ថែមថា នៅក្នុងឱកាសសន្និសីទសមាជិកអង្គការពាណិជ្ជកម្មពិភព​លោក នៅចុងខែ​វិច្ឆិកាខាងមុខនេះ គេនឹងអាចមូលមតិគ្នាដើម្បី​ផ្តល់សន្ទុះដល់យន្តការ ផលិតវ៉ាក់សាំងឲ្យ​បានលឿនបំផុត ព្រោះយុទ្ធនាការចាក់វ៉ាក់សាំង វាគឺកម្លាំងចលករ អូសទាញ​សន្ទុះពាណិជ្ជកម្មឲ្យរីកលូតលាស់ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ