អានតួអត្ថបទ

អ.ស.ប. ៖ ​សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងត្រូវ​​ចូល​ជាធរមាន

ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាតិ ប្រកាស​ថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នឹង​ត្រូវ​ចូល​ជាធរមាន។ ការ​ប្រកាស​នេះ ក្រោយ​ពេល​ដែល​ប្រទេស​ ហុងឌុយរ៉ាស បាន​សម្រេច​ផ្តល់​សច្ចាប័ន ​ហើយ​ដែលត្រូវ​ចូល​ជា​ធរមានឲ្យ​អនុវត្ត​​ចំពោះ ហុងឌុយរ៉ាស នៅ​រយៈ​ពេល​៩០ថ្ងៃ​ទៀត​។ ​ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាតិ យល់ថា​ នេះគឺជា​ជោគជ័យ​ថ្មីមួយ​ទៀត សម្រាប់​មនុស្ស​ជាតិ ដែល​ធានាពី​​ការ​សន្យា​មួយ​ចំពោះ​​អនាគត​ពិភពលោក​ល្អប្រសើរ។​ 

រូបភាពតំណាង។-AFP
រូបភាពតំណាង។-AFP © afp
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ គឺ ​ចែង​ ​ខ ហាម​ឃាត់​ការប្រើប្រាស់អាវុធប្រល័យ​លោក ហាម​អភិវឌ្ឈ និងផលិត​​អាវុធបរមាណូ​ ហាម​សាកល្បង ហាម​រក្សាទុកសារធាតុ​សម្រាប់​ផលិត​អាវុធ​ក៏​គ្រោះថ្នាក់​​​សម្បើម​​នេះ។​ សន្ធិសញ្ញានេះ ត្រូវ​អនុម័ត​ចេញ​​​ដោយ​មហាសន្និបាត ​នៃអង្គការ​សហប្រជាជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៧  ​មាន​ការគាំទ្រ​ពី​ប្រទេស​ចំនួន​១២២​។ ​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​ស្រេច​ទៅហើយ​នៅពេល​នោះ មាន​៨៤រដ្ឋសមាជិក​​។ ថ្មីៗ​នេះ មាន​ប្រទេស​ច្រើន​ទៀត ដែល​ទើប​នឹង​ផ្តល់​សច្ចាប័ន ដូចជា នីហ្សេរីយ៉ា ម៉ាឡេស៊ី អៀរឡង់ ម៉ាល់ កោះ​ទូវ៉ាលូ ហើយចំពោះ​ ​ហុងឌុយរ៉ាស គឺត្រូវ​ចូល​ជាធរមាន​ នៅ​ថ្ងៃ​២១ ខែ​មករា ​ឆ្នាំ​២០២១ ខាងមុខ​។​

លោក Peter Maurer ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ របស់​អង្គការ​កាកបាទក្រហម បាន​ថ្លែង​សាទរ​ ដោយ​យល់ឃើញ​ថា ការ​ផ្តល់​សច្ចាប័ន​ថ្មីៗនេះ គឺ​ជា​ការ​សន្យា​បន្ថែមទៀត ឈាន​ទៅរក​ការ​កម្ទេច​ចោល​អាវុធ​នុយក្លេអ៊ែរ​ ដែលនេះ ​ជា​កិច្ចការ​អាទិភាព​មួយ​របស់​អង្គការ​សហប្រជាជាតិ។

សូម​ជ្រាបថា អង្គការ​កាកបាទក្រហម ដែល​បា​នទទួល​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​នៅឆ្នាំ​២០១៧ បានដើរតួ​​ចូលរួម​ជំរុញ​យ៉ាង​ខ្លាំង​ ក្នុង​ការ​តាក់តែង​សន្ធិសញ្ញាហាមឃាត់អាវុធបរមាណូ។​

ទោះបី​យ៉ាងនេះក្តី គេ​មើល​ឃើញថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ មាន​ប្រសិទ្ធភាព​ត្រឹម​ជា​និមិត្ត​រូបប៉ុណ្ណោះ​ តែ​សាច់​ការ​ជាក់​ស្តែង ប្រហែល​ជា​មិន​សូវ​មាន​ប្រយោជន៍​ឡើយ ព្រោះថា ប្រទេស​មហាអំណាច​ធំ​ៗ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ពេញៗ​​ដៃ ដូ​ច​ជា សហរដ្ឋអាមេរិក អង់គ្លេស​ បារាំង ចិន​ រុស្ស៊ី ជាដើម គឺ​មិន​បាន​ផ្តល់​សច្ចាប័ន ចំពោះ​សន្ធិសញ្ញា​នេះ​ឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ