អានតួអត្ថបទ
សហរដ្ឋអាមេរិកនិងចិន

សហរដ្ឋអាមេរិក និងចិនបន្តកិច្ចចរចាដើម្បីកុំឲ្យភាពតានតឹងក្លាយជាជម្លោះ

សហរដ្ឋអាមេរិក និង​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី១៧ កញ្ញា​ថា ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ជេក ស៊ូលីវ៉ាន់ និង​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​ជួប​គ្នា​ក្នុង​ប្រទេស​ម៉ាល់ត៍​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​សៅរ៍ ទី១៦​ដល់​ថ្ងៃ​អាទិត្យ ទី១៧ កញ្ញា។ ជំនួប​នេះ​មាន​រយៈពេល ១២ម៉ោង និង​បាន​រៀបចំ​ក្នុង​ពេល​ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​កំពុង​បន្ត​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា។

អាមេរិកនិងចិន ជួបគ្នានៅប្រទេសម៉ាល់
អាមេរិកនិងចិន ជួបគ្នានៅប្រទេសម៉ាល់ © AP - Lian Yi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ដាច់​ដោយឡែក​ពី​គ្នា សហរដ្ឋអាមេរិក​តាម​រយៈ​សេតវិមាន និង​ចិន​តាម​រយៈ​ក្រសួង​ការបរទេស​បាន​លើក​ឡើង​ពី​កិច្ចពិភាក្សា​ត្រង់​ទៅ​ត្រង់​មក សំខាន់ និង​ប្រកប​ដោយ​ក្តី​ស្ថាបនា​រវាង​លោក​ជេក ស៊ូលីវ៉ាន់ និង​លោក​វ៉ាង យី។ តែ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​មិន​បាន​បញ្ជាក់​ពី​ប្រធាន​រឿង​ដែល​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក និង​ប្រមុខ​ការទូត​ចិន​បាន​លើក​យក​ទៅ​ជជែក​ទេ។ ទោះ​បី​ជា​ភាគី​ទាំង​ពីរ​មិន​បាន​ទម្លាយ​ប្រធាន​រឿង​ដែល​ជជែក​ក៏​ដោយ​ក៏​គេ​ដឹង​ថា ប្រធានរឿង​ចម្រូងចម្រាស​រវាង​អាមេរិក និង​ចិន​មាន​ច្រើន​តាំង​ពី​ក្នុង​វិស័យ​សេដ្ឋកិច្ច វិស័យ​ការពារ និង​វិស័យ​ការបរទេស។

ក្រៅ​ពី​នេះ នៅ​មាន​ប្រធានបទ​ក្តៅ និង​រស៊ើប​ខ្លាំង​មួយ​ចំនួន​ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង សមុទ្រ​ចិន​ខាង​កើត ឬ​មួយ​បញ្ហា​តៃវ៉ាន់​ជា​ដើម។ នៅ​ក្នុង​ការ​ទាក់ទង​រវាង​កងទ័ព​អាមេរិក និង​កងទ័ព​ចិន​ត្រូវ​បាន​លោក​ជេក ស៊ូលីវ៉ាន់​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា មាន​សញ្ញា​ដែល​នឹង​អាច​ភ្ជាប់​ឡើង​វិញ។ តែ​លោក​វ៉ាង យី​មិន​បាន​បញ្ជាក់​លើ​ការ​ថ្លែង​របស់​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ជេក ស៊ូលីវ៉ាន់​រូប​នេះ​ទេ។ ដោយឡែក ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​និយាយ​ពី​បញ្ហា​តៃវ៉ាន់​ដោយ​បញ្ជាក់​ច្បាស់ៗ​ក្នុង​ន័យ​ព្រមាន​ថា រឿង​តៃវ៉ាន់​ជា​ខ្សែ​បន្ទាត់​ក្រហម​ដែល​មិន​ត្រូវ​ដើរ​ឆ្លង​កាត់​ជា​ដាច់​ខាត។

គេ​អាច​និយាយ​បាន​ជា​រួម​ថា ជំនួប​រវាង​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក និង​ប្រមុខ​ការទូត​ចិន​ក្នុង​ប្រទេស​ម៉ាល់ត៍​ពេល​នេះ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។ ផ្ទុយ​ទៅ​វិញ ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​សេរី​ដោះដូរ​កម្រិត​កំពូល​ថ្នាក់​ក្រសួង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​គោលដៅ​ព្យាយាម​កាត់​បន្ថយ​ភាព​រវាង​គ្នា។ អ្វី​ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ចង់​បាន​តាម​រយៈ​ជំនួប​ជា​ហូរហែ​កន្លង​មក គឺ​បញ្ជៀស​កុំ​ឲ្យ​ភាព​តានតឹង​ប្រែ​ក្លាយ​ទៅ​ជា​ជម្លោះ​ត ទល់​គ្នា។ គួរ​រម្លឹក​ថា លោក​ជេក ស៊ូលីវ៉ាន់ និង​លោក​វ៉ាង យី​ធ្លាប់​ជួប​គ្នា​ម្តង​ក្នុង​ប្រទេស​អូទ្រីស​កាល​ពី​ខែ​ឧសភា។

ក្រៅ​ពី​ជំនួប​ចំនួន​ពីរ​ដង​រវាង​លោក​ជេក ស៊ូលីវ៉ាន់ និង​លោក​វ៉ាង យី​នៅ​ក្រៅ​ទឹកដី​អាមេរិក និង​ចិន មាន​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋបាល​អាមេរិក​ចំនួន ៣រូប​បាន​ធ្វើ​ដំណើរ​ទៅ​ចិន​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​លោកស្រី​ជីណា រេម៉ុនដូ រដ្ឋមន្រ្តី​ការបរទេស​លោក​អង់តូនី ប៊្លីនកិន និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​លោកស្រី​ចានែត យេលែន។ គេ​សង្ឃឹម​ថា​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២៣ គឺ​អាច​មាន​ជំនួប​ថ្នាក់​ប្រធានាធិបតី​រវាង​លោក​ចូ បៃដិន និង​លោក​ស៊ី ជីនពីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ