អានតួអត្ថបទ

ឆ្នាំថ្មី ​មេដឹកនាំ​ធំៗ​លើពិភពលោក ប្រកាស​បំពាក់​បំប៉ន​បង្កើន​អាវុធ

យប់​ឆ្លងឆ្នាំ ​ប្រទេស​ជា​ច្រើនបាញ់​កាំជ្រួច​​អបអរ​ឆ្នាំថ្មី តែ​នៅតំបន់ហ្គាហ្សា ក្រុម​ហាម៉ាស​បាន​បាញ់​គ្រាប់​រ៉ូក្កែត​ដាក់លើ​​អ៊ីស្រាអែល គឺ​​ម៉ោង​១២យប់ គ្រាប់ធ្លាក់​​នៅ​ប៉ែក​ខាង​ត្បូង​អ៊ីស្រា​អែល ហើយ​មួយនាទីក្រោយ​មក គ្រាប់ធ្លាក់​នៅ​ក្រុង តែល-អាវីវ​​។ ក្រុម​កម្លាំង​ហាម៉ាស​ ប្រកាស​តាម​បណ្តាញ​សង្គម​ថា នេះគឺ​ការសងសឹក​ឆ្លើយ​តប​នឹង​ទង្វើហិង្សា​របស់​អ៊ីស្រាអែល ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​នៅតំបន់​ហ្គាហ្សា​។​

ទ័ព​អ៊ីស្រាអែល​ បាញ់ នៅខែធ្នូ​ ២០២៣។
ទ័ព​អ៊ីស្រាអែល​ បាញ់ នៅខែធ្នូ​ ២០២៣។ via REUTERS - ISRAEL DEFENSE FORCES
ផ្សាយពាណិជ្ជកម្ម

រាត្រី​​ឆ្លង​ឆ្នាំ ពលរដ្ឋ​អ៊ីស្រាអែលនៅ​ក្រុង​តែល-អាវីវ ភិតភ័យ​​រត់រក​កន្លែង​​សុវត្ថិភាព។ ទាំង​ក្រុង​​តែល-អាវីវ និង​ក្រុង​ហ្សេរូសាឡឹម​ ស្ងប់ស្ងាត់​និង​ងងឹត​ជាង​បុណ្យ​ឆ្លងឆ្នាំ​ ខុសពី​សព្វ​មួយ​ដង។ គួរ​បញ្ជាក់ថា​ ការ​បាញ់​រ៉ូក្កែត​របស់​ក្រុម​ហាម៉ាស់នៅពេល​យប់​ឆ្លងឆ្នាំនេះ គឺបន្ទាប់​ពី​ពេល​ថ្ងៃ ​អ៊ីស្រាអែល វាយប្រហារ បាញ់​​​គ្រាប់ផ្លោង ​​សម្លាប់​មនុស្សនៅហ្គាហ្សា​ ប្រមាណ​ ជិត​ ៥០ នាក់។ នេះបើតាម​ទិន្នន័យ​របស់​អាជ្ញាធរ​សុខាភិបាល​ហាម៉ាស។

ទាំង​ក្រុម​កងទ័ព​និង​រដ្ឋាភិបាល​អ៊ីស្រាអែល ក្រោយ​ពី​ទទួល​បានជំនួយ​ថ្មី​១៤៧,៥លានដុល្លារ​ពី​សហរដ្ឋអាមេរិក​ គឺសុទ្ធតែ​បាន​បញ្ជាក់​ព្រមគ្នាថា សង្គ្រាម​នេះ​នឹង​បន្ត​អូស​បន្លាយ​យូរ​តទៅទៀត ក្នុង​ឆ្នាំ​ថ្មី ២០២៤។​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ធ្លាប់​បាន​សន្យា​កាលពីសប្តាហ៍​មុនដាច់ឆ្នាំ ថា ត្រូវ​​តាមកម្ទេច​ក្រុម​​​ហាម៉ាស រំលាយ​ប្រដាប់អាវុធពួក​ហាម៉ាស និង កែទម្រង់សង្គម​​ប៉ាឡេស្ទីន ហើយ​និង​យក​តំបន់​ហ្គាហ្សា មកត្រួតត្រាជាថ្មី។

ស្តីពី​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​វិញ ចំពោះប្រទេស​ ​រុស្ស៊ី គឺមិន​ដកថយក្រោយ​ជាដាច់ខាត។ ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន អះអាងនៅក្នុង​​ឱកាស​ថ្លែងសារ​ឆ្លងឆ្នាំថា​ មានតែត្រូវ​​បោះពួយ​រុលកង​ទ័ពទៅមុខ គឺដាច់ខាត គ្មាន​ផ្លូវ​ថយក្រោយ​ឡើយ​។  ចំណែក ​អ៊ុយក្រែន វិញ ​លោកប្រធានាធិបតី ​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថា ​ឆ្នាំថ្មី ២០២៤​ អ៊ុយក្រែន​ នឹង​បង្កើនអាវុធ​ បំពាក់​បំប៉ន់​បន្ថែម​ យ៉ាងហោច ក៏យន្តហោះ​ដ្រូន មិនតិចជាង​ ១ លានគ្រឿង​នោះឡើយ ហើយ​នៅ​មាន​ជំនួយ​យន្តហោះ​ចម្បាំង ប្រភេទ​«អេហ្វ១៦» និង​គ្រឿង​សម្ភារៈ​ចម្បាំងផ្សេងទៀត ដែល​ជា​ជំនួយ​​យោធារបស់សម្ព័ន្ធមិត្ត​ប្រទេស​បច្ឆិមលោក។​

​នៅប្រទេស​បារាំង ក្នុងឱកាសថ្លែង​​សារទៅកាន់​ប្រជា​ជាតិ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្ដេជ្ញាចិត្ត​យ៉ាងជាក់ច្បាស់ ត្រូវ​បំពាក់​អាវុធ​ ពង្រឹង​ប្រទេស​ជាតិ ប្រឈម​​មុខ​នឹង​ពិភពលោក​ដែល​ក្រឡាប់​ចក្រ។ ការ​ពង្រឹង​ជាតិ បង្កើន​អាវុធ ត្រូវ​លោកប្រមុខ​រដ្ឋបារាំង ​ប្រើពាក្យនេះ ​ជាច្រើន​​ដង ​នៅក្នុង​សុន្ទរកថា​រយៈប្រមាណ​១៣នាទី​។ នេះគឺ​​ដើម្បីការពារ​សន្តិសុខ​សុវត្ថិភាព​ជន​ស៊ីវិល ហើយ​និង​ ពង្រឹង​សេដ្ឋកិច្ច​ ដើម្បី​ពង្រឹង​ជំនួយ​សង្គម និង​ផ្គង់​ផ្គត់វិស័យ​អប់រំ។ ការ​បំពាក់​បំប៉ន់ពង្រឹង​អាវុធ​​នេះ គឺ​សំដៅដែរ អំពី​ពង្រឹង​រដ្ឋ ពង្រឹង​សង្គម ពង្រឹង​សេដ្ឋកិច្ច​ ពង្រឹង​បច្ចេក​វិទ្យា ​វិទ្យាសាស្ត្រ​។ មួយចំណែកទៀត គឺ ប្រមុខរដ្ឋបារាំង​ អះអាង​ពី​ជំហរ​​ ពង្រឹង​សហភាពអឺរ៉ុប ដើម្បី​រក្សា​សន្តិភាព ហើយ​និង​ត្រូវ​បន្ត​គាំទ្រ​អ៊ុយក្រែន​ ទប់ទល់​​នឹង​កម្លាំងឈ្លាន​ពាន​របស់​រុស្ស៊ី​​។​

ចំណែក​នៅ​អាស៊ីវិញ ក្នុង​សុន្ទរកថា​អបអរ​ឆ្នាំថ្មី ប្រធានាធិបតី​ ស៊ី ជីនពីង ​​អះអាង​ព្រមាន​ថា ចិននិងតៃវ៉ាន់អាច​នឹង​រួបរួម​គ្នាបាន​យ៉ាងជាក់ច្បាស់។ ​​ លោក ស៊ី ជីនពីង បាន​ប្រកាសថា ពលរដ្ឋ​ទាំងពីរខាងត្រូវតែ​ភ្ជាប់គ្នា​ដោយគោលដៅតែមួយ និង​ ចែករំលែកគ្នា​ជ្រកក្រោម​​ភាព​ត្រចះត្រចង់ នៃ​​វាសនា​ជាតិចិន​​តែមួយ​​។ នាពេល​កន្លងទៅ​​ ​រដ្ឋអំណាច​ចិន​ ក៏មិន​ដែល​ច្រាន​ចោល​ពី​លទ្ធភាព​សង្គ្រុប​យក​តៃវ៉ាន់​ដោយ​កម្លាំង​យោធា​ នោះឡើយ។​

នៅកូរ៉េខាង​ជើង​ ក្នុងថ្ងៃ​ឆ្លង​ឆ្នាំ កាសែត​រដ្ឋ​ ផ្សាយ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ គីម ជុងអ៊ុន ដែល​អះអាង​ថា ក្នុងករណី​មាន​សង្គ្រាម​ផ្ទុះឡើង គឺ​កងទ័ព​​យោធា​របស់​កូរ៉េ​ខាងជើង​ អាច​នឹងមាន​សមត្ថភាព​កម្ទេច​ កូរ៉េខាង​ត្បូង ​និង ​សហរដ្ឋអាមេរិក​ បាន។​ ជាការឆ្លើយតប ​នៅ​ថ្ងៃ​ចន្ទ  ដើមឆ្នាំថ្មី ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក យូន ស៊ុកយោល បាន​សន្យា​ចំពោះ​ប្រជាជាតិថា នឹង​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំប្រព័ន្ធការពារប្រទេស​ ទប់​ទល់​នឹង​ការ​គំរាម​កំហែង​របស់​របបក្រុង​ព្យុងយ៉ាង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ