អានតួអត្ថបទ

គណ​បក្ស​ភ្លើង​ទៀន​ស្នើ​ឲ្យ​សមត្ថ​កិច្ច​វែកមុខ​អ្នក​ចេញ​លិខិត​គំរាម​ចាប់​ខ្លួន​លោក ​រ៉ុង​ ឈុន

គណ​បក្ស​ភ្លើង​ទៀន​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​វែកមុខ​អ្នក​ដែល​ចេញ​លិខិត​អណា​មិក​គំរាម​ចាប់​ខ្លួន ​លោក ​រ៉ុង​ ឈុន​ លោក ​ជា ​មុន្នី ​និង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ជំទាស់​នេះ​សរុប​ជិត​២០​រូប​។​ ការ​ស្នើ​ឲ្យ​វែក​មុខ​ជន​អនាមិក​នោះ ​គឺ​ដើម្បី​ជៀស​វាង​ការ​ចលា​ចល​សង្គម​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយ​យល់ថា​ ប្រសិន​បើ​មាន​ការ​ចង់​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​គណ​បក្ស​នេះ​មែន​ នោះ​ទំនង​មិន​មាន​ការ​បញ្ចេញ​លិខិត​គំរាម​ជា​មុន​យ៉ាង​ដូច្នេះ​ឡើយ​។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ © Internet
ផ្សាយពាណិជ្ជកម្ម

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន យល់​ថា លិខិតអនាមិក​គំរាមចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្សនេះ​ដែលត្រូវបាន​គេបញ្ជួនទៅកាន់​មនុស្សមួយចំនួន​របស់គណបក្សជំទាស់នេះ គឺ​មាន​ចេតនា​បំភិតបំភ័យ​លើ​គណបក្ស​ភ្លើងទៀន។

បើតាម​លិខិត​ដែល​គេ​ផ្សព្វផ្សាយនៅថ្ងៃទី​១១ ខែ​សីហានោះ គឺមានគំរាមចាប់ខ្លួន លោក រ៉ុង ឈុន អនុប្រធានបក្សភ្លើងទៀន លោក ជា មុនី មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​គណបក្ស​នេះ​មួយចំនួន​ដូចជា​លោក ថាន់ ណារិន និង​លោក ផុន សុភា ជាដើម ដែល​ពួកគេ​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំណែក​សកម្មជន​គណ​បក្ស​នេះ​ចំនួន​៤​នាក់​ទៀត ដែល​មាន​ឈ្មោះ​ក្នុង​លិខិត​នោះ​ដែរ ដូចជា លោក អេង ស្រួយ លោក ប៊ុន ខេត លោក លី រី លោក វង រុន្នី និង​លោក គឹម សុភា ត្រូវបានចាប់ខ្លួនដាក់​ពន្ធនាគារ ក្នុង​អំឡុង​ខែកក្កដា ក្រោម​ការចោទថា ញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល​។

លោក គីមសួរ ភីរិទ្ធ ស្នើ​ឲ្យ​អាជ្ញាធរមានសមត្ថកិច្ចវែក​មុខ​ជន​អនាមិក​នោះ ​គឺ​ដើម្បី​ជៀស​វាង​ការ​ចលា​ចល​សង្គម​។​ ប៉ុន្តែ​យល់ថា​ ប្រសិន​បើ​គេ​ចង់​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​គណ​បក្ស​នេះ​មែន​ នោះ​ទំនង​មិន​មាន​ការ​បញ្ចេញ​លិខិត​គំរាម​ជា​មុន​យ៉ាង​ដូច្នេះ​ឡើយ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏បាន​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ទុក​ឲ្យ​ជនអនាមិក​ចេញលិខិតគំរាម​សកម្មជន​នយោបាយ​បែប​នេះឡើយ ដោយ​អាជ្ញាធរ​ក៏​គិត​ពី​បញ្ហា​ចលាចល​សង្គម​ដែរ។ តែ​ថា​មក​ដល់​ពេល​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​ជន​ដែល​ចេញ​លិខិត​គំរាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ​នៅ​ឡើយ។

បច្ចុប្បន្នមាន​មន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចណាស់​ចំនួន​៥​នាក់ សម្រេច​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ព្រោះអះអាងថា​បារម្ភ​ពី​សុវត្ថិភាព។ នៅ​ក្នុង​នោះ ២រូប បាន​ចាកចេញ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​បាន​ចុះចូលរយៈពេលខ្លី ដូចជា លោក គង់ រ៉ៃយ៉ា និង​ លោក គង់ ជិ អនុប្រធានគណបក្សភ្លើងទៀន​ខេត្ត​ព្រះសីហនុ។ អ្នកទាំងពីរបានភៀសខ្លួនទៅក្រៅប្រទេស​បានអះអាងថា ការដែល​ពួកគេ​ព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាកន្លងមកដើម្បី​ជៀសវាងការចាប់ខ្លួន តែអះអាងថា ពួកគេ​មិន​ផ្លាស់​ប្តូរឆន្ទៈនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ